(ញូដេលី)៖ ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា កំពុងតាមស្វែងរកពួកចោរមួយក្រុម ដែលបានបំផ្លាញស្ពានដែកមួយមានប្រវែងប្រហែល ១៨ម៉ែត្រ ដើម្បីយកដែកទៅលក់អេតចាយ ដែលជាមុខរបរពេញនិយមមួយនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

បើតាមប៉ូលិស និងប្រជាជនឥណ្ឌា នៅក្នុងរដ្ឋ ប៊ីហា (Bihar), ក្រុមចោរខាងលើបានបន្លំខ្លួនជាអាជ្ញាធរមកពីនាយកដ្ឋានប្រព័ន្ធធារាសាស្ត្រ និងបានប្រើប្រាស់ឧបករណ៍កាត់ដែក បំផ្លាញស្ពានដែកមួយដែលត្រូវបានគេបោះបង់ចោលនៅក្នុងភូមិ អាមីយ៉ាវ៉ា (Amiyawar) ស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រពីទីក្រុង ប៉ាតណា (Patna) ដែលជារដ្ឋធានីនៃរដ្ឋ Bihar។

ប៉ូលិសឥណ្ឌាដោយផ្អែកលើអ្នកភូមិអាមីយ៉ាវ៉ា បានឱ្យដឹងទៀតថាពួកចោរបានប្រាប់អ្នកស្រុកថាពួកគេគឺជាអាជ្ញាធរ មកពីនាយកដ្ឋានធារាសាស្ត្រ ដែលទទួលបញ្ជាពីរដ្ឋាភិបាលឱ្យចុះមកបំផ្លាញស្ពានដែកខាងលើចោល ព្រោះស្ពាននោះត្រូវបានទុកចោលលែងប្រើការ។ អ្នកភូមិបន្ថែមទៀតថា ក្រុមចោរបានប្រើពេល ២ថ្ងៃ ដើម្បីបំផ្លាញស្ពានដែកនេះ៕