(កៀវ)៖ ឧទ្ធម្ភាគចក្រប្រយុទ្ធរុស្ស៊ី បានវាយប្រហារកម្ទេចក្បួនរថពាសដែក និងកាំភ្លើងធំប្រឆាំងយន្ដហោះរបស់អ៊ុយក្រែន ខណៈទីក្រុងមូស្គូ បានប្ដូរយុទ្ធសាស្ត្រងាកទៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីចេញផ្សាយ នៅថ្ងៃអាទិត្យនេះ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ឧទ្ធម្ភាគចក្រប្រយុទ្ធ KA-52...បានបំផ្លាញអាវុធ និងបរិក្ខារយោធា របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»

បើតាម Interfax, ក្រសួងការពារជាតិរុស្ស៉ីក៏បានចេញផ្សាយវីដេអូបង្ហាញពីការវាយប្រហាររបស់ឧទ្ធម្ភាគចក្រប្រយុទ្ធ KA-52 បាញ់មីស៊ីល និងកាំភ្លើងយន្ដកម្ទេចគោលដៅផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីទីតាំងនៃការវាយប្រហារនេះ នៅឡើយទេ។ តែទោះជាបែបនេះក្ដី យោធាអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕