(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថាការបញ្ជូនអាវុធយ៉ាងច្រើន សន្ធឹកសន្ធាប់ពីសំណាក់បណ្ដាប្រទេសលោកខាងលិចទៅឱ្យអ៊ុយក្រែន អាចនឹងនាំទៅរកហានិភ័យនៃជម្លោះយោធាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

លោក Antonov ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក Newsweek កាលពីថ្ងៃទី៨ ខែមេសានេះជាមួយ ការសង្កត់ធ្ងន់ថាបណ្ដាប្រទេសលោកខាងលិចបានចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម តាមរយៈការបញ្ជូនអាវុធឱ្យអ៊ុយក្រែនដែលនេះត្រូវបានលោក ហៅថាជាទង្វើបង្ករឿង និងដ៏គ្រោះថ្នាក់នាំទៅរកការបង្ហូរឈាមនៅពេលអនាគត។

អគ្គរដ្ឋទូតអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ពួកគេអាចនឹងនាំឱ្យសហរដ្ឋអាមេរិក និងរុស្ស៉ី ធ្លាក់ចូលក្នុងជម្លោះយោធាដោយផ្ទាល់។ ចំណែកឯ ការដឹកជញ្ជូនអាវុធ និងបរិក្ខារយោធាពីបណ្ដាប្រទេសលោកខាងលិចឆ្លងកាត់តាមទឹកដីអ៊ុយក្រែន អាចនឹងក្លាយជាគោលដៅស្របច្បាប់នៃកងទ័ព របស់យើង»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក, សហរដ្ឋអាមេរិក និង NATO បានអះអាងជារឿយៗថាពួកគេ នឹងមិនចូលរួមក្នុងជម្លោះដោយផ្ទាល់ ឬក៏បញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីនោះទេ។ ប៉ុន្តែ ប្រទេសលោកខាងលិចដឹកនាំ ដោយសហរដ្ឋអាមេរិក បានសន្យា និងផ្ដល់ជំនួយយោធា រួមទាំងជំនួយមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទីក្រុងកៀវ៕