(ប៉ារីស)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីមួយ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅប៉ារីស) បន្ទាប់ពីយុទ្ធនាការ ឃោសនាបោះឆ្នោតធ្វើឡើងយ៉ាងស្ងៀមស្ងាត់ ខណៈតំបន់អឺរ៉ុបទាំងមូលកំពុងផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកទ្វារ ដើម្បីអនុញ្ញាតឱ្យប្រជាជនបារាំងជាង ៤៨.៧លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតទម្លាក់ សន្លឹកឆ្នោតរបស់ពួកគេជ្រើសរើសបេក្ខជនប្រធានាធិបតីចំនួន ១២រូប ក្នុងនោះរួមមានទាំងប្រធានាធិបតីចាំផ្ទះលោក ម៉ាក្រុងផងដែរ ដែលកំពុង ស្វះស្វែងបន្តកាន់តំណែងនៅអាណិត្តទី២ របស់លោក។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីមួយនេះ ប្រជាជនបារាំងនឹងជ្រើសរើសបេក្ខជនតែ ២រូបគត់ដែលនឹងត្រូវឡើងទៅវគ្គបន្ត គឺការបោះឆ្នោតជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសាខាងមុខ។ បើតាមការស្ទង់មតិ លោក ម៉ាក្រុង និងលោកស្រី ម៉ារីន ឡឺប៉ែន គឺជាបេក្ខជនមានភាគរយខ្ពស់ជាងគេក្នុងការឡើងទៅតទល់គ្នានៅជុំទី២ ខណៈលទ្ធផលបោះឆ្នោតជុំទីមួយត្រូវបានគេរំពឹងថានឹងចេញបណ្ដើរៗ នៅម៉ោង ៨យប់ ថ្ងៃអាទិត្យ (ម៉ោងនៅប៉ារីស)៕