(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) បាននិយាយថាអាល្លឺម៉ង់មិនអាចផ្គត់ផ្គង់អាវុធ ចេញពីឃ្លាំងរបស់ខ្លួនឱ្យអ៊ុយក្រែនទៀតនោះទេ ដោយសារតែការផ្ដល់អាវុធមានព្រំដែនកំណត់។ នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ អោកស្បឺហ្គឺ អាល់ហ្កេម៉ែន (Augsburger Allgemeine) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោកស្រី ឡំប្រ៊ិច បានបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងការប្រគល់អាវុធឱ្យអ៊ុយក្រែនចេញពីឃ្លាំងអាវុធអាល្លឺម៉ង់, ខ្ញុំសូមនិយាយដោយស្មោះថា បច្ចុប្បន្នយើងបានឈានដល់ដែនកំណត់ហើយ»។ លោកស្រីបន្ថែមថា យោធាអាល្លឺម៉ង់ត្រូវតែចូលរួមការពារសន្តិសុខជាតិ និងសម្ព័ន្ធមិត្ត ហើយវាមិនមែនមានន័យថាអាល្លឺម៉ង់មិនអាចជួយអ៊ុយក្រែនតាមវិធីផ្សេងទៀតនោះឡើយ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Christine Lambrecht កើតមានឡើង នៅចំពេលមានការអំពាវនាវកាន់តែច្រើនទាំងក្នុង និងក្រៅ ស្រុក ឱ្យអាល្លឺម៉ង់បង្កើនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ខណៈមានការរិះគន់ថាទីក្រុងប៊ែរឡាំងមានភាពយឺតយ៉ាវក្នុងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន យកទៅប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី៕