(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះកំពុង ធ្វើការលើផែនការមួយដែលមានបំណងដាក់ពង្រាយយោធាជាអចិន្រ្តៃយ៍ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួនដើម្បីត្រៀមការពារទប់ទល់នឹង ការគំរាមកំហែងពីរុស្ស៊ី នៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

លោក Stoltenberg ធ្វើការសម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Telegraph កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រមុខ NATO រូបនេះបានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងឃើញ គឺជាការពិតថ្មីមួយ, ជារឿងធម្មតាថ្មីមួយសម្រាប់សន្តិសុខអឺរ៉ុប។ ដូច្នេះយើងបានស្នើសុំឱ្យមេបញ្ជាការយោធារបស់ពួកយើង ផ្ដល់ជម្រើសនានាសម្រាប់អ្វីដែលយើង ហៅថាការកំណត់ឡើងវិញ និងការសម្របខ្លួនរយៈពេលវែងរបស់ NATO»

លោកបន្ថែមថាការសម្រេចចិត្តណាមួយលើការកំណត់ឡើងវិញ ដែលលើកបានលើកឡើងក្នុងនោះរួមមានទាំងការដាក់ពង្រាយយោធាជា អចិន្រ្តៃយ៍នៅតាមបណ្ដោយព្រំដែន NATO អាចនឹងត្រូវធ្វើឡើងនៅឯកិច្ចប្រជុំកំពូលមួយដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងម៉ាឌ្រីដ នៅខែមិថុនាខាងមុខនេះ៕