(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) ត្រូវបានបណ្ដេញចេញពីតំណែងហើយនៅថ្ងៃអាទិត្យនេះ ក្រោយ សភាបោះឆ្នោតដកសេចក្ដីទុកចិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ការប្រកាសពីលទ្ធផលបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក អ៉ីមរ៉ន ខាន់ ធ្វើឡើងដោយប្រធានសភាជាន់ទាបប៉ាគីស្ថាន លោក អាយ៉ាស សាឌីគ (Ayaz Sadiq) ដោយសមាជិកសភា ១៧៦រូប ក្នុងចំណោម ៣៤២រូប បានបោះឆ្នោតប្រឆាំងនឹងរូបលោក។ លោក ខាន់ មានអាយុ ៦៩ឆ្នាំ កាន់អំណាចបានជាង៣ឆ្នាំ ក្នុង នាមជាមេដឹកនាំប៉ាគីស្ថាន ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ និងមានប្រជាជន ២២០លាននាក់ ព្រមទាំងជាប្រទេសមួយដែលយោធាមាន អំណាចពេញដៃលូកលាន់កិច្ចការនយោបាយ អស់រយៈពេលជិត ៧៥ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតបណ្ដេញលោក ខាន់ចេញពីតំណែង, សភាប៉ាគីស្ថាននឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ៕