(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសកលនៅខែឧសភា ខាងមុខ ខណៈរដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះរួមមានភាពតានតឹងនៃទំនាក់ទំនងជាមួយចិន, ការប្រែប្រួលអាកាសធាតុ និង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

លោក Scott Morrison នៅថ្ងៃអាទិត្យនេះ បានផ្ដល់អនុសាសន៍ឱ្យអគ្គអភិបាលអូស្ត្រាលី លោក ដាវីដ ហឺលី (David Hurley) ធ្វើជាតំណាង នៃប្រមុខរដ្ឋអូស្ត្រាលី គឺព្រះមហាក្សត្រី Elizabeth II ដើម្បីរៀបចំកាលបរិច្ឆេទការបោះឆ្នោត។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី លោក Morrison នៅក្នុងថ្ងៃអាទិត្យនេះក៏អាចនឹងប្រកាសជាផ្លូវការផងដែរថាអូស្ត្រាលីនឹងរៀបចំ ការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ឬថ្ងៃទី២១ ខែឧសភាខាងមុខ។ លោក Morrison បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីឆ្នាំ២០១៩៕