(រីយ៉ាដ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍នេះ បានប្រកាសថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងអនុញ្ញាតឱ្យមាន សាសនិកឥស្លាមសរុបដល់ ១លាននាក់ អាចទៅចូលរួមពិធីបុណ្យធម្មយាត្រា «ហាជ» ឆ្នាំនេះ ហើយនឹងស្វាគមន៍អ្នកធ្វើធម្មយាត្រា មកពីក្រៅប្រទេសឡើងវិញ ក្រោយការរឹតត្បិតយ៉ាងតឹងរ៉ឹងដោយសារតែ COVID-19 អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រសួងសាសនាអារ៉ាប៊ីសាអូឌីត ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ SPA បានលើកឡើងថា អ្នកធ្វើធម្មយាត្រាទៅកាន់ទីក្រុងម៉ិចកា (Mecca) ឆ្នាំនេះ ត្រូវតែមានអាយុក្រោម៦៥ឆ្នាំ ហើយទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូសបង្ការ COVID-19។ ឆ្នាំនេះអ្នកមកពីក្រៅប្រទេស ក៏នឹងត្រូវអនុញ្ញាតឱ្យចូលរួមផងដែរ ប៉ុន្តែត្រូវមានការបញ្ជាក់លទ្ធផលធ្វើតេស្តអវិជ្ជមាន COVID-19 និងត្រូវអនុវត្តវិធានការសុខាភិបាលជាប់ជានិច្ច។

គួរបញ្ជាប់ថា សម្រាប់បុណ្យហាជ ឆ្នាំមុន អារ៉ាប៊ីសាអូឌីតបានអនុញ្ញាតឱ្យតែប្រជាជនខ្លួនចំនួន ៦០,០០០ប៉ុណ្ណោះ ចូលរួម ហើយកាលពីឆ្នាំ២០២០ គឺកាន់តែតិចជាងនេះខ្លាំងទៅទៀតជាមួយចំនួនត្រឹម ១,០០០នាក់ ខណៈកាលពីឆ្នាំ២០១៩ គឺមុនពេល COVID-19 ផ្ទុះឡើង សាសនិកឥស្លាមសរុបជិត២.៥លាននាក់ បានចូលរួមក្នុងពិធីបុណ្យឥស្លាមដ៏ធំនេះ។ ពិធីបុណ្យហាជឆ្នាំនេះ នឹងចាប់ផ្តើមឡើងពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែដដែល៕