(ម៉ានីល)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)និងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអនុវត្តការអត់ធ្មត់ ដើម្បីរក្សាសន្តិភាព នៅឯសមុទ្រចិនខាងត្បូង។

នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។

ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមទូរស័ព្ទរយៈពេល១ម៉ោង រវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាលើប្រធានបទជាច្រើន រួមទាំងក្តីព្រួយបារម្ភអំពីវិបត្តិអ៊ុយក្រែន និងការឆ្លើយតបចំពោះជំងឺរាតត្បាតកូវីដ ១៩។

បើតាមសេចក្តីថ្លែងការណ៍, «មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព នៅឯសមុទ្រចិនខាងត្បូងដោយភាពអត់ធ្មត់, រំសាយភាពតានតឹង និងធ្វើការក្រោមក្រមខណ្ឌដែលអាចយល់ស្របគ្នាទៅវិញទៅមក»។ ជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តពង្រីកភាពវិជ្ជមាននៃទំនាក់ទំនង បើទោះបីជាកើតមានជម្លោះក៏ដោយ។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែង ក្នុងឆ្នាំ២០១៦ លោក Duterte បានបន្តទំនាក់ទំនងយ៉ាងជិតស្និទជាមួយទីក្រុងប៉េកាំង ដោយទុកបញ្ហាសមុទ្រចិនខាងត្បូងនៅមួយឡែក ជាថ្នូរនឹងជំនួយ និងការសន្យាលើការវិនិយោគ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរលើកនេះ ក៏បានលើកឡើងអំពីសារៈសំខាន់ នៃការបន្តកិច្ចពិភាក្សា និងការសម្រេចឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងផងដែរ៕