(ប៉េកាំង)៖ នៅរសៀលថ្ងៃទី៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីន។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងរក្សានិរន្តរភាព និងស្ថិរភាពនៃគោលនយោបាយចំពោះហ្វីលីពីន ហើយមានឆន្ទៈរួមជាមួយហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសចិននិងហ្វីលីពីន ឱ្យវិវឌ្ឍរីកចម្រើនទៅរកភាពល្អប្រសើរ និងបោះជំហានឈានទៅកម្រិតថ្មីជាបន្តបន្ទាប់។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍនៃស្ថានការណ៍អន្តរជាតិ នាពេលបច្ចុប្បន្ននេះ បានបង្ហាញជាថ្មីម្តងទៀតថា សន្តិសុខក្នុងតំបន់មិនអាចសម្រេចបាន ដោយពឹងផ្អែកលើការពង្រឹងសម្ព័ន្ធភាពយោធានោះទេ។ ប្រទេសចិនមានឆន្ទៈ រួមជាមួយប្រទេសហ្វីលីពីន និងបណ្តាប្រទេសផ្សេងៗក្នុងតំបន់ ដើម្បីប្រកាន់ខ្ជាប់នូវគំនិតទស្សនៈសន្តិសុខ ដែលប្រកបដោយភាពរួបរួម ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ក្តាប់ជាប់សិទ្ធិដឹកនាំសន្តិសុខតំបន់ក្នុងដៃរបស់ខ្លួន ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ដែលទទួលបានមិនងាយស្រួល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

លោក Duterte បានថ្លែងថា ភាគីហ្វីលីពីនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វាគមន៍សហគ្រាសចិន ដែលមកបណ្តាក់ទុននិងធ្វើកិច្ចសហប្រតិបត្តិការ នៅប្រទេសហ្វីលីពីន។ ហ្វីលីពីនមានឆន្ទៈសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ឱ្យបានសមរម្យបង្កើតជាគំរូសម្រាប់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕