(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា អាល្លឺម៉ង់ អាចនឹងបញ្ចប់ការនាំចូលប្រេងពីរុស្ស៉ីនៅឆ្នាំនេះ ដែលជាសញ្ញានៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំរបស់សហភាពអឺរ៉ុប (EU) លើវិស័យថាមពលរបស់រុស្ស៉ី ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាទីក្រុងឡុងដ៍ ជាមួយ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស , លោក Scholz បានគូសបញ្ជាក់ថា «យើងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីឲ្យមានភាពម្ចាស់លើខ្លួនឯង និងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៉ី ហើយយើងគិតថាយើងនឹងអាចធ្វើបាន នៅក្នុងឆ្នាំនេះ»

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាប្រទេសនៃសហភាពអឺរ៉ុប បានអនុម័តការហាមប្រាមលើការនាំចូលធ្យូងថ្មរបស់រុស្ស៉ី ចាប់ពីខែសីហា ឆ្នាំ២០២២ តទៅប៉ុន្តែកំពុងពិចារណាថាតើទណ្ឌកម្មប្រេង ឬឧស្ម័ន គួរតែអនុវត្តឬយ៉ាងណា ខណៈដែលរុស្ស៉ី គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៍ធំបំផុតរបស់ EU ដែលបាននាំចូល២៦ភាគរយ កាលពីឆ្នាំ២០២០។

បើតាមអ្នកវិភាគ, បច្ចុប្បន្នអឺរ៉ុបចំណាយប្រាក់ប្រហែល ៤៥០លានដុល្លារ ក្នុង១ថ្ងៃ លើប្រេងឆៅ និងផលិតផលចម្រាញ់ របស់រុស្ស៉ី ខណៈដែលផលិតផលប្រេង និងប្រេង មានច្រើនជាង១ភាគ៣ នៃប្រាក់ចំណូលនាំចេញរបស់ទីក្រុងមូស្គូ កាលពីឆ្នាំមុន។ ការដាក់ទណ្ឌកម្មលើការនាំចេញរបស់រុស្ស៉ី បានជម្រុញឲ្យតម្លៃប្រេងហក់ឡើងដល់កម្រិតខ្ពស់បំផុតរួចទៅហើយកាលពីខែមុន និងមិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំមកនេះ៕