(សាន់ហ្សូស៊េ)៖ យន្តហោះដឹកជញ្ជួនទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន DHL ដែលផ្ទុកសំបុត្រនិងកញ្ចប់ឥវ៉ាន់ បានរត់ហួសចេញពីផ្លូវ ហើយដាច់ជាពីរកំណាត់ កំលុងការចុះចតបន្ទាន់នៅឯប្រទេសកូស្តារីកា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាហេតុនាំឱ្យ អាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុងសាន់ហ្សូស៊េ ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូស្តារីកាផ្ទាល់ បានបង្ហាញឱ្យឃើញថា យន្តហោះពណ៌លឿងមួយគ្រឿងរបស់ ក្រុមហ៊ុនដឹកទំនិញយក្សរបស់អាល្លឺម៉ង់ នៅកល់នឹងដីហើយដាច់ជា២កំណាត់ លើវាលស្មៅក្បែរផ្លូវយន្តហោះ។ យ៉ាងណាមិញ ពីឡុតទាំង២នាក់ ដែលមានវត្តមានលើយន្តហោះ មិនបានជួបគ្រោះថ្នាក់អ្វីឡើយ។

ហេតុការណ៍ខាងលើបានកើតឡើង បន្ទាប់ពីយន្តហោះ Boeing 757 នោះ ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិ ហ័ន សាន់តាម៉ារីយ៉ា (Juan Santamaria) នៃទីក្រុងសាន់ហ្សូស៊េ ត្រូវបង្ខំចិត្តត្រឡប់ក្បាលបកក្រោយវិញ នៅរយៈពេល២៥នាទីក្រោយមក ដើម្បីធ្វើការចុះចតបន្ទាន់ ដោយសារតែបញ្ហាគ្រឿងយន្តរបស់យន្តហោះ។

គួរបញ្ជាក់ថា វាបានធ្វើឱ្យព្រលានយន្តហោះធំជាងគេបំផុត ប្រចាំប្រទេសកូស្តារីកាមួយនេះ ត្រូវផ្អាកប្រតិបត្តិការអស់ប៉ុន្មានម៉ោង ដែលប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៨,៥០០នាក់ រួមជាមួយជើងហោះហើរពាណិជ្ជកម្ម និងដឹកទំនិញចំនួន៥៧ជើង៕