(ឌុយប្លាំង)៖ រដ្ឋមន្រ្តីការបរទេសអៀរឡង់ លោក ស៊ីម៉ុន កូវេណេយ៍ (Simon Coveney) បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសអៀរឡង់ប្រចាំនៅប្រទេសរុស្ស៉ី ត្រូវបានកោះហៅឲ្យទៅកាន់ក្រសួងការបរទេសនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមន្រ្តីទូត២រូប ត្រូវបានស្នើឲ្យចាកចេញពីប្រទេសរុស្ស៉ី។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Coveney បានលើកឡើងយ៉ាងដូច្នេះថា «បុគ្គលិកនៃស្ថានទូតអៀរឡង់ប្រចាំទីក្រុងមូស្គូ មិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយដែល ប៉ះពាល់កិច្ចការបរទេស ក្នុងឋានៈជាមន្រ្តីទូតរបស់ពួកគេឡើយ ដូច្នេះយើងគ្មានហេតុផលណាមួយ ដើម្បីទទួលយកវិធានការរបស់ទីក្រុងមូស្គូនេះបានទេ»

គួរបញ្ជាក់ថា អៀរឡង់ ជាប្រទេសមួយក្នុងចំណោមសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដែលបានស្នើឲ្យមន្រ្តីទូតរបស់រុស្ស៉ីចំនួន៤រូប ចាកចេញពីស្ថានទូតរបស់ខ្លួន កាលពីសប្តាហ៍មុន ជុំវិញការវាយប្រហារលើទឹកដីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ៕