(វ៉ាស៉ីនតោន)៖ ជនជាតិចិនម្នាក់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល២៩ខែ បន្ទាប់ពីបានឆ្លើយសារភាពទោស កាលពីខែមករា ឆ្នាំនេះ ចំពោះការចោទប្រកាន់ពី បទគប់គិតលួចយកការសម្ងាត់ពាណិជ្ជកម្ម ពីក្រុមហ៊ុនកសិកម្មអាមេរិក ម៉ុនសានតូ (Monsanto) ដើម្បីបម្រើជាប្រយោជន៍ដល់រដ្ឋាភិបាលចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។

ជនជាតិចិនខាងលើឈ្មោះថា សៀង ហៃតាវ (Xiang Haitao) អាយុ៤៤ឆ្នាំ បានបម្រើការងារនៅក្រុមហ៊ុន Monsanto និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះ ចាប់ពីឆ្នាំ២០០៨-២០១៧។ លោក សៀង បានឆ្លើយសារភាពទោស នៅតុលាការសហព័ន្ធនៃរដ្ឋមីស៊្សូរី (Missouri) ចំពោះការចោទប្រកាន់ពី បទគប់គិតប្រព្រឹត្តសកម្មភាពចារកម្មផ្នែកសេដ្ឋកិច្ច។

ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Xiang ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល២៩ខែ និងរងការពិន័យជាប្រាក់១៥០,០០០ដុល្លារ ហើយនឹងត្រូវស្ថិតក្រោមការតាមដានរយៈពេល៣ឆ្នាំទៀត ក្រោយការដោះលែង។

គួរបញ្ជាក់ថា លោក Xiang ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕