(ញូវយ៉ក)៖ សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំម្នាក់នៃក្រុមបងធំជប៉ុន យ៉ាគូហ្សា (Yakuza) និងបុរសជនជាតិថៃចំនួន ៣នាក់ដោយចោទប្រកាន់ ពួកគេពីបទជួញដូរគ្រឿងញៀន និងព្យាយាមទិញមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិក សម្រាប់ផ្តល់ឲ្យក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងស្រីលង្កា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឲ្យដឹងថាមេដឹកនាំក្រុមយ៉ាគូហ្សា ឈ្មោះ តាកេស៊ិ អេប៊ីសាវ៉ា (Takeshi Ebisawa) និងជនជាតិថៃ៣នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ និងអង្គារសប្តាហ៍នេះ ពីបទជួញដូរអាវុធ និងលាងលុយកខ្វក់។ ដោយឡែក បើតាមសេចក្តីថ្លែងការណ៍ របស់មន្រ្តីផ្នែកច្បាប់ប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក «គ្រឿងញៀនត្រូវបានកំណត់គោលដៅចែកចាយ តាមផ្លូវក្នុងទីក្រុងញូវយ៉ក ហើយអាវុធត្រូវដឹកជញ្ជូនឱ្យក្រុមប្រដាប់អាវុធក្នុងប្រទេសមីយ៉ាន់ម៉ា និងស្រីលង្កា»

គួរបញ្ជាក់ថា ក្រុមមនុស្សដែលត្រូវបានចាប់ខ្លួនខាងលើ ស្ថិតក្រោមការស៊ើបអង្កេតពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ក្រុមនេះបានរៀបចំអ្នកចែកចាយគ្រឿងញៀនហេរ៉ូអ៉ីន និងមេតំហេ្វតាមីនមួយចំនួន ដែលបានមកពីក្រុមប្រដាប់អាវុធ ជនជាតិភាគតិចមីយ៉ាន់ម៉ា (UWSA) ហើយមេខ្លោងនៃក្រុមនេះ គ្រោងនឹងទិញអាវុធស្វ័យប្រវត្តិ, គ្រាប់រ៉ុក្កែត, កាំភ្លើងយន្ត និងមីស៊ីលសម្រាប់ក្រុម UWSA នេះក៏ដូចជាក្រុមប្រដាប់អាវុធ ២ផ្សេងទៀត គឺសហភាពការ៉ែន និងកងទ័ពរដ្ឋ Shan នៃប្រទេសមីយ៉ាន់ម៉ា៕