(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) អាចប្រឈមមុខនឹងការទម្លាក់ចេញពីតំណែង នៅចុងសប្តាហ៍នេះ បន្ទាប់ពីតុលាការកំពូលនៃប្រទេសនេះបានសម្រេចថាចំណាត់ការរបស់លោកក្នុងការរារាំងការបោះឆ្នោតដកសេចក្ដីទុកចិត្តជាទង្វើខុសច្បាប់ផ្ទុយពី រដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ គណបក្សកាន់អំណាចរបស់លោក Imran Khan បានរារាំងដំណើរការនៃការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលអាចនឹងទម្លាក់រូបលោកចេញពីតំណែង។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរកឃើញថា ចំណាត់ការរបស់លោក Imran Khan ក្នុងការរារាំង ការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅគឺ «មិនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយគ្មានឥទ្ធិពលលើផ្លូវច្បាប់ទេ»

តុលាការកំពូលក៏បានសម្រេចដែរថាការសម្រេចរំលាយសភារបស់លោក Imran Khan គឺមិនត្រឹមត្រូវ។ បច្ចុប្បន្ន តុលាការកំពូលបានបញ្ជាឱ្យសភា កោះប្រជុំឡើងវិញនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីបន្តដំណើរការបោះឆ្នោត ដែលត្រូវបានគេរំពឹងថានឹងប្រឆាំងលោក Imran Khan។

ឆ្លើយតបនឹងសេចក្តីសម្រេចរបស់តុលាការកំពូល លោក Imran Khan បានប្រកាសថា លោកបានកោះប្រជុំគណៈរដ្ឋមន្ត្រី ហើយនឹងថ្លែងសារ ទៅកាន់ប្រជាជាតិនៅល្ងាចថ្ងៃសុក្រនេះ។ លោកបានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកដូច្នេះថា «សាររបស់ខ្ញុំ ទៅកាន់ប្រទេសជាតិគឺថា ខ្ញុំតែងតែតស៊ូធ្វើគ្រប់បែបយ៉ាងដើម្បីប៉ាគីស្ថាន ហើយនឹងបន្តធ្វើបែបនេះរហូតដល់ទីបញ្ចប់»

គួរបញ្ជាក់ថា គ្មាននាយករដ្ឋមន្ត្រីប៉ាគីស្ថានណាម្នាក់ ធ្លាប់បានកាន់តំណែងពេញមួយអាណត្តិនោះទេ ដោយសារតែរឿងអាស្រូវនយោបាយ និងការប្រើអំណាចដោយយោធា ជាច្រើនទសវត្សរ៍កន្លងមកនេះ៕