(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានរាយការណ៍ថា កប៉ាល់ដឹកជនជាតិកូរ៉េខាងត្បូងចំនួន៦នាក់ បានបាត់ខ្លួននៅឯតំបន់ឆ្នេរនៃ កោះតៃវ៉ាន់ ហើយប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះកំពុងដំណើរការ។ នេះបើយោងតាមការចុះផ្សាយរប់សទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

កប៉ាល់ខាងលើដែលមានដោតទង់ជាតិនៃប្រទេសសៀរ៉ាឡេអូន (Sierra Leon) ទម្ងន់៣២២តោន បានធ្វើដំណើរពីទីក្រុង ប៊ូសាន (Busan) របស់កូរ៉េខាងត្បូង ឆ្ពោះទៅកាន់កំពង់ផែបាតាំ (Batam) របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីមានហេតុការណ៍នេះ អាជ្ញាធរតៃវ៉ាន់បានជូនដំណឹងដល់រដ្ឋាភិបាល កូរ៉េខាងត្បូងថា ពួកគេបានទទួលសញ្ញាអាសន្ន នៅម៉ោង ៩៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលមនុស្ស នៅលើទូកទាំង៦នាក់សុទ្ធសឹងតែជាជនជាតិកូរ៉េខាងត្បូង។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថែមថាក្រុមសង្រ្គោះបន្ទាន់ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន និងបានបញ្ជូនកប៉ាល់ល្បាត និងឧទ្ធម្ភាគចក្រ ដើម្បីគាំទ្រប្រតិបត្តិការស្វែងរកនេះ។ ដោយឡែកបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់, ឧទ្ធម្ភាគចក្រមួយក្នុងចំណោម ឧទ្ធម្ភាគចក្រដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ ក៏បានធ្លាក់ក្នុងដែនទឹកនៃកោះ Mara ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងដោយ បានសម្លាប់ពីឡុត ២នាក់ និងបាត់ខ្លួន ៣នាក់៕