(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថាថ្នាក់ដឹកនាំយោធាអាមេរិកមិនអាចទំនាក់ទំនងជាមួយ សមាភាគីរបស់ពួកគេ នៅក្នុងទីក្រុងមូស្គូបានឡើយ ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីលុកលុយចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

លោក ឡយដ៍ អូស្ទីន ធ្វើការកត់សម្គាល់ខាងលើកំលុងផ្ដល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ប្រមុខការពារជាតិអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «លោកឧត្តមសេនីយ៍ លោក ម៉ាក មីលលី (Mark Milley) នាយសេនាធិការកងទ័ពចម្រុះអាមេរិក និងរូបខ្ញុំផ្ទាល់ បានព្យាយាមទំនាក់ទំនងទៅកាន់សមភាគីរបស់ពួកយើងក្នុងប្រទេស រុស្ស៉ី ដើម្បីធានាឱ្យបានថាយើងនៅតែអាចបន្តរក្សាកិច្ចសន្ទនា។ ប៉ុន្តែ គួរឱ្យស្ដាយ វាមិនបានទទួលជោគជ័យឡើយ ពីព្រោះភាគីរុស្ស៉ីមិនបានលើក ទូរស័ព្ទឆ្លើយតបនោះទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) ក៏បានទទួលស្គាល់ដែរថាមិនមាន កិច្ចសន្ទនាណាមួយជាមួយយោធារុស្ស៉ីនោះទេ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ប៉ុន្តែថាខាងភាគីអាមេរិកនៅតែ មានចេតនាបន្តរក្សាទំនាក់ទំនងជាមួយភាគីរុស្ស៉ីដដែល៕