(វ៉ាស៊ីនតោន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតដកប្រទេសរុស្ស៊ីចេញពីស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការមួយនេះ ចំពេលមានការចោទប្រកាន់ថា ទាហានរបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិល ក្នុងពេលកំពុងដកថយចេញពីតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

ដំណោះស្រាយដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក បានទទួលសម្លេងគាំទ្រចំនួន ៩៣សម្លេង ខណៈប្រទេសចំនួន២៤ បានបោះឆ្នោតប្រឆាំងនិង៥៨ ប្រទេសផ្សេងទៀតបានបោះឆ្នោតអនុប្បវាទ។

ដំណោះស្រាយខាងលើ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្ស និងមនុស្សធម៌ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសចំពោះរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស និងការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ពីសំណាក់សហព័ន្ធរុស្ស៊ី។

គួរបញ្ជាក់ថា វិធានការនេះបានធ្វើឱ្យរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍ទីមួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសមាជិកភាពរបស់ខ្លួនត្រូវបានដកហូតចេញពីស្ថាប័នណាមួយ នៃអង្គការសហប្រជាជាតិ៕