(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi ធ្វើតេស្តវិជ្ជមានកូវីដ១៩ នេះបើយោងតាមអនុប្រធានបុគ្គលិករបស់លោកស្រី ចុះផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

លោក Drew Hammill បានសរសេរនៅលើ Twitter ថា «បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានក្នុងសប្តាហ៍នេះ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Pelosi បានទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នមិនមានរោគសញ្ញាអ្វីទេ»

លោកស្រី Pelosi ដែលបច្ចុប្បន្នមានអាយុ ៨២ឆ្នាំ បានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញផងដែរ។

លោកស្រី បានទៅសេតវិមានកាលពីថ្ងៃពុធ ហើយបានឈរក្បែរប្រធានាធិបតី លោក Joe Biden នៅពេលដែលគាត់បានចុះហត្ថលេខាលើច្បាប់កំណែទម្រង់សេវាប្រៃសណីយ៍ឆ្នាំ២០២២៕