(ប៉ារីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី៣ ខែមេសាកន្លងទៅនេះ បានបរិហារការសម្រេចចិត្តរបស់អតីត អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល និងអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ ហ្សាក់កូហ្ស៊ី (Nicolas Sarkozy)ថាជា«ការគិតខុស» ដែលបានបដិសេធទទួលយកប្រទេសរបស់លោកជាសមាជិក NATO កំលុងកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងប៊ុយការ៉េស កាលពីឆ្នាំ២០០៨ បើទោះជា មានការជំរុញពីសហរដ្ឋអាមេរិកក៏ដោយ។

ដោយចង់សំដៅលើការចោទប្រកាន់ថារុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងទីក្រុងប៊ូចា (Bucha) លោក ហ្សេលេនស្គី ថែមទាំងបានអញ្ជើញ លោកស្រី មឺគែល និងអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ ហ្សាក់កូហ្ស៊ី (Nicolas Sarkozy) បំពេញទស្សនកិច្ចមកកាន់ទីក្រុងប៊ូចាដើម្បីមើល ពីលទ្ធផលបង្កឡើងដោយនយោបាយផ្ដល់សម្បទានរបស់មេដឹកនាំទាំង២ ដល់រុស្ស៊ី កាលពីជាង១៤ឆ្នាំមុន។

ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំថ្ងៃខួបនៃកិច្ចប្រជុំកំពូល NATO ឆ្នាំ២០០៨ ក្នុងទីក្រុង Bucharest ជាដែលបក្សសម្ព័ន្ធយោធាអាត្លង់ទិច មួយនេះបានសន្យាជាមួយហ្ស៊កហ្ស៊ី និងអ៊ុយក្រែនថានឹងទទួលពួកគេជាសមាជិក តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ។ ការសន្យានេះត្រូវបានលោក ហ្សេលេនស្គី ចាត់ទុកថាបានរុញច្រានអ៊ុយក្រែនធ្លាក់ចូលក្នុងតំបន់ពណ៌ប្រផេះ ឬ Gray Zone (Gray Zone ជា កន្លែង នៅ ចន្លោះ ការ ប្រកួត ប្រជែង អន្តរជាតិ ធម្មតា និង សង្គ្រាម) និងនាំឱ្យមានការឈ្លានពានពីរុស្ស៊ីដូចសព្វថ្ងៃ។ ម្លោះហើយតើសង្រ្គាម និងអ្វីដែលបានកើតឡើងនៅអ៊ុយក្រែន គឺជាកំហុសរបស់ អាល្លឺម៉ង់ និងបារាំងឬ?

* ការដួលរលំសណ្ដាប់ធ្នាប់ក្រោយសម័យសង្រ្គាមត្រជាក់

ត្រឡប់ទៅកាលពីឆ្នាំ២០០៨, ទាំងបារាំង និងអាល្លឺម៉ង់សុទ្ធតែយល់ឃើញដូចគ្នាថាវាដូចជាលឿនពេកហើយ ក្នុងការទទួលយកហ្ស៊ុកហ្ស៊ី និងអ៊ុយក្រែន ជាសមាជិក NATO ដោយអះអាងថាមិនមានប្រទេសជាសមាជិកណាមួយត្រៀមលក្ខណៈទទួលយកប្រទេសទាំង២នេះទេ។ មិនតែប៉ុណ្ណោះ បារាំង និងអាល្លឺម៉ង់ក៏បានព្រមានថាដែរថាការបញ្ចូលប្រទេសជាអតីតដែនដីសូវៀត ដូចជាអ៊ុយក្រែនចូលក្នុងបក្សសម្ព័ន្ធយោធា NATO អាចនឹងបំផ្លាញដល់
ទំនាក់ទំនងជាមួយរុស្ស៉ី។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ អតីតអធិការបតីអាល្លឺម៉ង់លោកស្រី មឺគែល បាននិយាយថាលោកស្រី នៅតែគាំទ្រការសម្រេចចិត្តរបស់លោកស្រី ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង Bucharest ហើយលោកស្រីក៏គាំទ្រផងដែរដល់រាល់កិច្ចខិតខំ ប្រឹងប្រែងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ មែនទែនទៅ គេពិបាកក្នុងការព្យាករខ្លាំងណាស់ថាតើសមាជិកភាព NATO របស់អ៊ុយក្រែន អាចកំញើញ កុំឱ្យលោក ពូទីន បង្កសង្រ្គាមដូចសព្វថ្ងៃបានដែរឬក៏យ៉ាងណា? តែអ្វីដែលគេដឹង ការអនុញ្ញាតឱ្យអ៊ុយក្រែនចូល NATO អាចនឹងរុញឱ្យបក្សសម្ព័ន្ធយោធា មួយនេះត្រូវប្រឈមមុខក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី។

បើតាមលោកស្រី ឡូ ឌែលគួរ (Laure Delcour) ជាអ្នកជំនាញខាងទំនាក់ទំនងអឺរ៉ុប-រុស្ស៊ី ប្រចាំសកលវិទ្យាល័យស័រប៊ន (Sorbonne) មានមូលដ្ឋានក្នុង ទីក្រុងប៉ារីស, ការចូលជាសមាជិក NATO ពិតជាត្រូវការរយៈពេលយូរណាស់ ហើយអ្វីដែលគេអាចនិយាយបាន នោះគឺអ៊ុយក្រែនប្រហែលជាមិនអាចចូលជា សមាជិក NATO បានឡើយ ពីព្រោះទាំងសហរដ្ឋអាមេរិក និង NATO មិនទាន់មានឆន្ទៈនយោបាយពិតប្រាកដក្នុងការប្រឈមមុខជាមួយរុស្ស៊ីទេ។ តួយ៉ាង សង្រ្គាមនៅហ្ស៊កហ្ស៊ីកាលពីឆ្នាំ២០០៨ និងសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ អាចបញ្ជាក់បានរួចទៅហើយពីជំហររបស់ពួកគេ។ លោកស្រី ឌែលគួរ បានបញ្ជាក់ ដូច្នេះថា «អ្វីដែលគេអាចនឹកស្មានដល់ គឺលោក ពូទីន នឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីរារាំងកុំឱ្យអ៊ុយក្រែនចូល NATO។ ធ្វើសកម្មភាពយ៉ាងឆាប់ រហ័សនៅត្រង់នេះ វាបានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលលោក ពូទីន បានធ្វើ ៤ខែបន្ទាប់ពីកិច្ចប្រជុំកំពូលក្នុងទីក្រុង Bucharest នោះគឺបញ្ជូនរថក្រោះ
វាយសម្រុកចូលហ្ស៊កហ្ស៊ី ដើម្បីគាំទ្រក្រុមឧទ្ទាមផ្ដាច់ទឹកដីគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់អាប់កាហ្ស៊ី (Abkhazia) និងអូសសេទីខាងត្បូង (South Ossetia)។ ៦ឆ្នាំក្រោយមក លោក ពូទីនបានធ្វើរឿងបែបនេះជាថ្មីនៅក្នុងតំបន់ដុនបាស់ រហូតដល់ក្រសោបយកតំបន់គ្រីមៀ និងលើកទ័ពឈ្លានពានចូល អ៊ុយក្រែន»។

ផ្ទុយពីលោកស្រី ឡូ ឌែលគួរ, លោក ថូម៉ាស់ ក្លែន ប្រុកខូហ្វ (Thomas Kleine-Brockhoff) ជាអនុប្រធានមូលនិធិ German Marshall Fund ក្នុងទីក្រុងប៊ែរឡាំង យល់ថាអឺរ៉ុបមិនបានធ្វើខុសទេ តែអាល្លឺម៉ង់ និងបារាំងជាអ្នកធ្វើខុស។ ពីព្រោះថាអាល្លឺម៉ង់ និងបារាំងតែងតែតាំងខ្លួនជាតំណាងឱ្យអឺរ៉ុប ទាំងមូល។ ប៉ុន្តែការវាយតម្លៃខុសបែរជាកើតឡើងក្នុងទីក្រុងប៉ារីស និងប៊ែរឡាំងទៅវិញ មិនមែននៅកន្លែងណាផ្សេងទេ។ លោកបន្ថែមថា «អឺរ៉ុបខាងកើត មិនបានធ្វើខុស រីឯអឺរ៉ុបខាងជើងក៏មិនបានធ្វើខុសដែរ»។ ដូច្នេះបើតាមលោក ក្លែន ប្រុកខូហ្វ សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថាអាល្លឺម៉ង់ និងបារាំងគួរតែ ប្ដូរគោលនយោបាយរបស់ខ្លួនចំពោះរុស្ស៊ី ខណៈសណ្ដាប់ធ្នាប់ក្រោយសង្រ្គាមត្រជាក់បានដួលរលំទៅហើយ។

* ពាណិជ្ជកម្មមិនមែនជាមធ្យោបាយរក្សាសន្តិភាព

បើតាមលោក ថូម៉ាស់ ក្លែន ប្រុកខូហ្វ, អាល្លឺម៉ង់បានជឿជាក់ថាពាណិជ្ជកម្មជាមធ្យោបាយមួយក្នុងការថែរក្សាសន្តិភាព ពោលគឺការធ្វើពាណិជ្ជកម្មអាចនឹង រារាំងមិនឱ្យផ្ទុះសង្រ្គាមដាក់គ្នាទៅវិញទៅមក។ វាក៏មានការយល់ឃើញដែរថាការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដូចជាប្រេង និងឧស្ម័នគឺជាយុទ្ធសាស្ត្រសម្រាប់ សន្តិភាព ប៉ុន្តែសង្រ្គាមនៅអ៊ុយក្រែនបញ្ជាក់ថាយុទ្ធសាស្ត្របែបនេះបានបរាជ័យ។ ជាក់ស្ដែង ប្រធានាធិបតអាល្លឺម៉ង់ លោក ហ្វ្រាន់ វ៉ុលទែរ ស្ដែនម៉ៃយឺ (Frank-Walter Steinmeier) ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង នៅក្រោមរដ្ឋាភិបាលលោកស្រី មឺគែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ បានទទួលស្គាល់ថាវាជាកំហុសមួយដែលអាល្លឺម៉ង់បានសាងសង់បំពង់ឧស្ម័ន Nord Stream 2 ជាមួយរុស្ស៊ីដែលនេះបានធ្វើឱ្យអាល្លឺម៉ង់កាន់តែ ពឹងផ្អែកលើឧស្ម័នរុស្ស៊ី។ ឧស្ម័នដែលអាល្លឺម៉ង់នាំចូល មាន ៣៦ភាគរយមកពីរុស្ស៊ី នៅពេលលោក ពូទីន ក្រសោបយកតំបន់គ្រីមៀកាលពីឆ្នាំ២០១៤ និងកើនដល់ ៥៥ភាគរយ នៅពេលរុស្ស៊ីបញ្ជូនរថក្រោះចូលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ដោយឡែក ពាក់ព័ន្ធនឹងបារាំង លោក ក្លែន ប្រុកខូហ្វ បាននិយាយថាគំនិតចង់ឱ្យអឺរ៉ុបមានស្វ័យភាព បានជំរុញឱ្យលោកប្រធានាធិបតី ម៉ាក្រុង យល់ខុសពី លោក ពូទីន ថាបុរសខ្លាំងវិមានក្រឹមឡាំងរូបនេះជានរណា និងចង់បានអ្វី? ហើយយល់ខុសដែរពីគោលជំហររបស់អឺរ៉ុបចំពោះសហរដ្ឋអាមេរិក និងរុស្ស៊ី។ លោក ក្លែន ប្រុកខូហ្វ បានសង្កត់ធ្ងន់ដូច្នេះថា «យើងបានឃើញរួចទៅហើយថា អ្នកដែលការពារសន្តិសុខអឺរ៉ុបមិនមែនអឺរ៉ុបនោះទេ តែជា NATO ហើយ ដំណោះស្រាយល្អបំផុតសម្រាប់សន្តិសុខអឺរ៉ុប គឺពឹងផ្អែកលើសាមគ្គីភាពរវាងលោកខាងលិច វាមិនមែនជាការរវើរវាយចង់បង្កើតកងទ័ពអឺរ៉ុបដែលមិនអាច ក្លាយជាការពិតនោះទេ»៕

ប្រភព៖ France 24 (ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២២)