(ប៉េកាំង)៖ ចិន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថាខ្លួននឹងចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងសហរដ្ឋអាមរិក ប្រសិនបើប្រធានសភាតំណាងរាស្រ្ត អាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយលើកឡើងថា ដំណើរទស្សនកិច្ចបែបនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាលោកស្រីនឹងធ្វើដំណើរមកតៃវ៉ាន់ នៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

គម្រោងដំណើរទស្សនកិច្ចខាងលើ មិនត្រូវបានបញ្ជាក់ដោយការិយាល័យរបស់លោកស្រី Pelosi ឬរដ្ឋាភិបាលកោះតៃវ៉ាន់នោះទេ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន និងកោះតៃវ៉ាន់មួយចំនួនបានរាយការណ៍ថាវាអាចនឹងធ្វើឡើង បន្ទាប់ពីលោកស្រីទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ លើគ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយទីក្រុងវ៉ាស៊ីនតោនគួរតែលុបចោលដំណើរទស្សនកិច្ចនេះ។

លោក ចាវ បានបន្ថែមថា «ប្រសិនបើសហរដ្ឋអាមេរិកទទូចចង់ដើរផ្លូវនេះដោយខ្លួនឯង ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការឆ្លើយតប ដើម្បី ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ផលវិបាកដែលអាចកើតមានពីបញ្ហានេះ គឺសហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវទាំងស្រុង»

គួរបញ្ជាក់ថា លោកស្រី Pelosi ដែលជាអ្នករិះគន់ចិនជាយូរមកហើយ ជាពិសេសលើបញ្ហាសិទ្ធិមនុស្ស បានជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយ អនុប្រធានាធិបតីកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) កាលពីខែមករា កំលុងលោកបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក និងប្រទេសហុងឌូរ៉ាស។ កោះតៃវ៉ាន់ មានការពេញចិត្តចំពោះការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកដែលផ្តល់ដោយរដ្ឋបាល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបាននិយាយម្តងហើយម្តងទៀតអំពីការប្តេជ្ញាចិត្ត «ដ៏រឹងមាំ» របស់ខ្លួនចំពោះដែនកោះមួយនេះ៕