(ប៉េកាំង)៖ ទាក់ទិននឹង «របាយការណ៍ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩ របស់ជនក្រីក្រអាមេរិក» លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី៦ ខែមេសាថា រដ្ឋាភិបាលនិងសង្គមរបស់សហរដ្ឋអាមេរិក មានចេតនាធ្វើព្រងើយកន្តើយចំពោះជនក្រីក្រ និងជនជាតិភាគតិច ហើយការរើសអើងបែបនេះ បានប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ ក្នុងការទទួលបានការព្យាបាល។ ដូចដែលបានចែងក្នុងទំព័រដំបូងនៃរបាយការណ៍នេះ វីរុសកូវីដ-១៩ គ្មានការរើសអើងទេ ប៉ុន្តែសង្គមអាមេរិកមានការរើសអើង។

តាមការផ្សាយដំណឹងឱ្យដឹងថា «របាយការណ៍ស្តីពីការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ជនក្រីក្រអាមេរិក» គឺត្រូវបានចងក្រងដោយអង្គការសិទ្ធិ និងផលប្រយោជន៍របស់ជនក្រីក្រអាមេរិក និងសេដ្ឋវិទូរបស់អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ។

លោក Zhao Lijian បានបន្តថា របាយការណ៍នេះបានចែងថា អត្រាសរុបនៃចំនួនអ្នកស្លាប់ ដោយសារការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងស្រុកក្រីក្ររបស់សហរដ្ឋអាមេរិក គឺត្រូវជាជិតពីរដងនៃស្រុកអ្នកមាន ហើយស្រុកចំនួន ៣០០ ដែលមានអត្រាស្លាប់ខ្ពស់បំផុត មានចំនួនប្រជាជនគិតជាមធ្យម ៤៥% រស់នៅក្រោមបន្ទាត់ក្រីក្រ៕