(ប៊ុយដាប៉ែស)៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៉ីចាតូ (Peter Szijjarto) នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថាប្រទេសហុងគ្រីបានទទួល ឥន្ធនៈនុយក្លេអ៊ែរជាលើកដំបូងសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រនុយក្លេអ៊ែរ ប៉ាក (Paks) របស់ខ្លួនពីប្រទេសរុស្ស៊ី តាមរយៈការដឹកជញ្ជូនតាមអាកាស កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការកាត់ផ្ដាច់ការដឹកជញ្ជូនតាមផ្លូវដែក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

លោក Szijjarto បានបញ្ជាក់ប្រាប់នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ពីទីក្រុងព្រុចសែល (Brussels) ថា «ឥន្ធនៈ (សម្រាប់ផ្គត់ផ្គង់រោងចក្រនុយក្លេអ៊ែរ Paks) តែងតែដឹកជញ្ជូនមកពីប្រទេសរុស្ស៊ីតាមផ្លូវរថភ្លើង ដែលឆ្លងកាត់ប្រទេសអ៊ុយក្រែន តែជាអកុសល... វាមិនអាចទៅរួចទៀតទេ ដូច្នេះយើងត្រូវស្វែងរកមធ្យោបាយដឹកជញ្ជូនផ្សេងទៀតជំនួសវិញ»

លោក Szijjarto បានបន្ថែមថា ការដឹកជញ្ជូនឥន្ធនៈនុយក្លេអ៊ែរបានមកដល់តាមដែនអាកាសនៃប្រទេសបេឡារុស ប៉ូឡូញ និងស្លូវ៉ាគី ទៅកាន់ ប្រទេសហុងគ្រី ដោយមានការយល់ព្រមពីប្រទេសទាំងបី ដោយសារថាមពលនុយក្លេអ៊ែរមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ឡើយ៕