(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំធ្វើកិច្ចប្រជុំជាសាធារណៈ អំពីស្ថានការណ៍អ៊ុយក្រែន «ការសម្លាប់រង្គាលនៅទីក្រុង Bucha» បានក្លាយជាចំណុចក្តៅនៃកិច្ចប្រជុំលើកនេះ។ តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ការជំរុញឱ្យស្ថានការណ៍អ៊ុយក្រែនបញ្ចុះកម្តៅ និងបញ្ឈប់ការប្រយុទ្ធក្នុងពេលឆាប់ជា ការរំពឹងទុកជាបន្ទាន់របស់សហគមន៍អន្តរជាតិ ហើយក៏ជាគោលបំណងយ៉ាងខ្លាំងរបស់ភាគីចិនផងដែរ។ អំពី«សម្លាប់រង្គាលនៅទីក្រុង Bucha» ភាគីចិនបានបង្ហាញថា ការចោទប្រកាន់ណាមួយ សុទ្ធតែត្រូវឈរលើការពិតជាក់ស្តែង មុនពេលទទួលបានការសន្និដ្ឋាន ភាគីនានាត្រូវរក្សាការអត់ធ្មត់ ចៀសវាងពីការចោទប្រកាន់ដោយគ្មានហេតុផល។ ការសម្តែងអាកប្បកិរិយាបែបនេះ គឺប្រកបដោយភាពសត្យានុម័ត និងវិចារណញ្ញាណ ដែលបានផ្តល់គំនិតច្បាស់លាស់ ដល់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយ «ករណីសម្លាប់រង្គាលនៅទីក្រុង Bucha»

បច្ចុប្បន្ននេះ ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនប្រកាន់យកត្រូវរៀងខ្លួនអំពី «ការសម្លាប់រង្គាលនៅទីក្រុង Bucha»។ ពេលថ្មីៗកន្លងមក ប្រព័ន្ធសារព័ត៌មានអ៊ុយក្រែន បានប្រកាសរូបថតនិងវីដេអូមួយចំនួន ស្តីពីអ្វីដែលហៅថា ប្រជាជនស៊ីវិលនៅក្រុង Bucha ត្រូវគេសម្លាប់ រដ្ឋាភិបាលអ៊ុយក្រែនបានចោទប្រកាន់ថា ជាទង្វើរបស់កងទ័ពរុស្ស៊ី។ តែភាគីរុស្ស៊ីបានបដិសេធជាដាច់ខាត ចំពោះករណីនេះ ហើយថ្លែងថា អ្វីដែលហៅថា «ភស្តុតាងឧក្រិដ្ឋកម្ម» គឺលេចចេញបន្ទាប់ពីកងទ័ពរុស្ស៊ីដកចេញ ហើយកងទ័ពអ៊ុយក្រែននិងប្រព័ន្ធសារព័ត៌មានអ៊ុយក្រែនទៅដល់កន្លែងនោះ ពោលគឺភាគីអ៊ុយក្រែនដឹកនាំសម្ដែង ឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិច។ ភាគីរុស្ស៊ីបានប្រគល់ភស្តុតាងពាក់ព័ន្ធឱ្យទៅក្រុមប្រឹក្សាសន្តិសុខរួចហើយ។

ប៉ុន្តែសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួន គ្មានចិត្តអំណត់រង់ចាំលទ្ធផលនៃការស៊ើបអង្កេតនោះទេ បែរជាកំណត់ការសន្និដ្ឋានទុកជាមុន ដើម្បីចាប់ផ្តើមធ្វើប្រតិបត្តិការមួយចំនួនដែលសំដៅចំពោះរុស្ស៊ី។ ចាប់ពីប្រធានាធិបតីអាមេរិកថ្កោលទោស កងទ័ពរុស្ស៊ីដែលបានប្រព្រឹត្តិ «បទឧក្រិដ្ឋសង្គ្រាម» នៅក្រុង Bucha ដល់ភាគីអាមេរិកបន្ថែមការដាក់ទណ្ឌកម្មជុំថ្មីទៅលើរុស្ស៊ី រហូតដល់ប្រទេសអឺរ៉ុបជិត១០បណ្តេញបុគ្គលិកការទូតរុស្ស៊ី ដោយទ្រង់ទ្រាយធំ រឿងដែលនៅមិនទាន់ដឹងការពិតនោះ បានក្លាយជាលេសសម្រាប់ឱ្យអ្នកនយោបាយអាមេរិក និងប្រទេសលោកខាងលិចបន្ថែមការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។

តាមការពិត បានមានការវិភាគខ្លះបានលើកឡើងថា «ការសម្លាប់រង្គាលនៅទីក្រុង Bucha» បានកើតឡើង ចំពេលការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនទទួលបានការវិវឌ្ឍយ៉ាងសកម្ម ដូច្នេះមិនច្រានចោលថា នេះជាឧបាយកលរបស់កម្លាំងមួយចំនួន ដែលមិនចង់ឃើញការប៉ះទង្គិចបញ្ចប់ ហើយបានបង្កើតឧបសគ្គនិងបន្ថែមកម្លាំងរារាំង។ បច្ចុប្បន្ននេះ អ្វីដែលសហគមន៍អន្តរជាតិគួរតែធ្វើនោះគឺ មួយផ្នែក ធ្វើការស៊ើបអង្កេតដ៏ឯករាជ្យ និងសត្យានុម័តចំពោះ «ការសម្លាប់រង្គាលនៅទីក្រុង Bucha» មួយផ្នែកទៀត ត្រូវខិតខំប្រឹងប្រែងជំរុញការចរចាសន្តិភាពនិងបញ្ឈប់ការប្រយុទ្ធ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ពីឫសគល់។

បញ្ហាមនុស្សធម៌មិនត្រូវចាត់ទុកជាកិច្ចការនយោបាយនោះទេ។ ភាគីចិនយល់ឃើញថា ការវាយប្រហារដែលសំដៅចំពោះ ជនស៊ីវិលគឺមិនអាចទទួលយកបានទេ ហើយក៏មិនត្រូវកើតឡើងដែរ សភាពការណ៍ពាក់ព័ន្ធ និងមូលហេតុជាក់ស្តែង ចាំបាច់ត្រូវពិនិត្យឱ្យបានច្បាស់លាស់។ ប៉ុន្តែមុនពេលប្រកាសលទ្ធផលនៃការស៊ើបអង្កេត ភាគីនានាត្រូវចៀសវាង ពីការបង្ករឿងហេតុដោយសារគោលបំណងនយោបាយ នេះគឺជាការគោរពជាមូលដ្ឋានចំពោះ ជនស៊ីវិលដែលរងគ្រោះស្លាប់បាត់បង់ជីវិត ហើយក៏ជាទង្វើដ៏ត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យកើតមាន បញ្ហាមនុស្សធម៌កាន់តែច្រើនឡើងៗផងដែរ៕