(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន់ គឺហ្វៃ (Tan Kefei) បានព្រមានថាកងទ័ពចិននឹងចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការលូកលាន់កិច្ចការផ្ទៃ និងការព្យាយាមចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ការព្រមានរបស់លោក Tan Kefei ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពីសហរដ្ឋអាមេរិកអនុម័ត ការលក់សម្ភារៈយោធាក្នុងទំហំទឹកប្រាក់ ៩៥លានដុល្លារឱ្យតៃវ៉ាន់យកទៅពង្រឹងប្រព័ន្ធខែលការពារមីស៊ីល។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ ការលក់អាវុធរបស់សហរដ្ឋអាមេរិកឱ្យកោះតៃវ៉ាន់ គឺជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបំផ្លាញដល់អធិបតេយ្យភាព, ផលប្រយោជន៍សន្តិសុខរបស់ចិន ក៏ដូចជាទំនាក់ទំនងយោធារវាងចិន និងអាមេរិក និងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ៕