(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យបណ្ដាប្រទេស ជាសមាជិក NATO ផ្ដល់អាវុធបន្ថែមដែលចាំបាច់នានាមកឱ្យទីក្រុងកៀវ ដើម្បីយកទៅប្រយុទ្ធទប់ទល់ជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO ក្នុងទីក្រុងព្រុចសែល លោក ឌីមីត្រូ គូលេបា បានបញ្ជាក់ដូច្នេះថា «របៀបវាៈរបស់ខ្ញុំគឺសាមញ្ញបំផុត នោះគឺអាវុធ, អាវុធ និងអាវុធ...ខ្ញុំអំពាវនាវឱ្យសម្ព័ន្ធទាំងអស់ទុកភាពស្ទាក់ស្ទើរនៅម្ខាង ដោយផ្ដល់ឱ្យនូវអ្វីៗដែល អ៊ុយក្រែនត្រូវការ»

គួរបញ្ជាក់ថា អ៊ុយក្រែន បានអំពាវនាវជាច្រើនលើកឱ្យបណ្ដាប្រទេសលោកខាងលិច បង្កើនការប្រគល់អាវុធក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល ការពារដែនអាកាស, កាំភ្លើងធំ, រថក្រោះ និងយន្ដហោះចម្បាំង ខណៈរុស្ស៊ីកំពុងផ្តោតលើការវាយគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង៕