(ប៉េកាំង)៖ វិបតិ្តអ៊ុយក្រែនគឺជាអន្ទាក់ថ្មីមួយ ដែលបានបង្កើតឡើងក្នុងសតវត្សទី២១ ដោយសហរដ្ឋអាមេរិក ដែលជាអ្នកពូកែប្រើឧបាយកលបំផុសសង្គ្រាមត្រជាក់ គឺក្នុងគោលបំណងប៉ុនប៉ងទប់ស្កាត់ ការអភិវឌ្ឍរបស់រុស្ស៊ីថែមមួយកម្រិតទៀត និងគាបសង្កត់អឺរ៉ុបយ៉ាងខ្លាំង ដើម្បីទទួលបានទុននយោបាយកាន់តែច្រើនឡើងៗ ក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន។

បន្ទាប់ពីសហភាពសូវៀតត្រូវរំលាយ អង្គការណាតូដែលដឹកនាំដោយអាមេរិក បានបង្រួញចន្លោះសន្តិសុខរបស់រុស្ស៊ី តាមរយៈការវាតទីទៅខាងកើតចំនួន ៥លើក ហើយបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាញឹកញាប់។ ក្នុងពេលជាមួយគ្នានេះ អាមេរិកបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយមូលដ្ឋានគ្រឹះ នៃការកាន់អំណាចរបស់លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ីពីផ្ទៃក្នុង និងបង្កើតលក្ខខណ្ឌសង្គមសម្រាប់ការធ្វើ «បដិវត្តន៍ពណ៌» នៅប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា ស្ថានការណ៍អ៊ុយក្រែនបានវិវឌ្ឍន៍រហូតដល់ ក្លាយជាសភាពការណ៍ដូចបច្ចុប្បន្ន គឺមានដំណើរដើមទងប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ទីក្រុងវ៉ាស៊ីនតោន បានឃោសនាបំប៉ោងជាបន្តបន្ទាប់ នូវអ្វីដែលហៅថា រុស្ស៊ីនឹង «ឈ្លានពាន» អ៊ុយក្រែន គឺប៉ុនប៉ងបង្វែរទំនាស់ក្នុងស្រុក ដើម្បីស្រោចស្រង់ឡើងវិញ នូវអត្រាគាំទ្ររដ្ឋាភិបាលអាមេរិក ដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ព្រមទាំងគិតចង់ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុប ក្រោមលេស «ភូមិសាស្ត្រនយោបាយមានភាពតានតឹង» ស្របពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏អាចបិទបាំងនូវចេតនារបស់ខ្លួន ក្នុងការមិនចង់ឆ្លើយតបចំពោះតម្រូវការ និងសំណូមពររបស់រុស្ស៊ី ស្តីពីការធានាសន្តិសុខផងដែរ។ ទង្វើរបស់អាមេរិកបែបនេះវាមិនខុសអ្វីពី ការយកសាំងមកចាក់លើភ្លើងដល់ ស្ថានការណ៍អ៊ុយក្រែនទាំងមូលនោះទេ។

បន្ទាប់ពីស្ថានការណ៍អ៊ុយក្រែនឡើងកម្តៅ សហរដ្ឋអាមេរិកបានរួមជាមួយសម័្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួន អនុវត្តការដាក់ទណ្ឌកម្មមិនដែលមានក្នុងប្រវត្តិសាស្ត្រ ទៅលើរុស្ស៊ីដើម្បីកម្សោយកម្លាំងជាក់ស្តែងរបស់រុស្ស៊ី ក៏ដូចជាប៉ុនប៉ងផ្លាស់ប្តូរសេចក្តីសម្រេចចិត្ត របស់ថ្នាក់ដឹកនាំនយោបាយរបស់រុស្ស៊ីផងដែរ ។ សហរដ្ឋអាមេរិកក៏បានប្រើប្រាស់កលល្បិចចាស់ៗរបស់ខ្លួន ម្តងហើយម្តងទៀត ដើម្បីអូសទាញអឺរ៉ុបឱ្យធ្លាក់ចូលក្នុង សភាពគ្រោះថ្នាក់ ក៏ដូចជាកម្សោយភាពជាម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុបផងដែរ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ ប្រទេសចិនជាគោលដៅមួយទៀតរបស់អាមេរិក ដែលទាញប្រយោជន៍នយោបាយពីក្នុង ការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ឆ្លៀតឱកាសនេះដើម្បីវាយប្រហារនិងដាក់សម្ពាធទៅលើ ប្រទេសចិនឱ្យចូលរួមការដាក់ទណ្ឌកម្មលើរុស្ស៊ី ។ តាមការផ្សាយដំណឹងនៃកាសែត «The Wall Street» របស់អាមេរិកបានឱ្យដឹងថា មន្រ្តីនិងអតីតមន្ត្រីនៃអាមេរិកបានលើកឡើងថា ដោយសារការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន សហរដ្ឋអាមេរិកគ្រោងនឹងបន្ថែមថវិកាយោធា និងពង្រីកវត្តមានយោធានៅរបស់ខ្លួន នៅក្បែរប្រទេសរុស្ស៊ី ទន្ទឹមនឹងនេះ ក៏នឹងបន្តផ្តោតសំខាន់រយៈពេលយូរទៅលើ ការបង្កភាពបដិបក្ខគ្នាជាមួយប្រទេសចិនដែរ៕