(មូស្គូ)៖ អ្នកនាំពាក្យនៃវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានព្រមានថា ទីក្រុងមូស្គូនឹងចាត់ទុក ការផ្ទេរអាវុធនុយក្លេអ៊ែរទៅប៉ូឡូញ ជាការបង្ករហេតុយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមន្រ្តីកំពូលប៉ូឡូញម្នាក់ បាននិយាយថា ទីក្រុងវ៉ាសូវី (Warsaw) ស្ម័គ្រចិត្តស្វាគមន៍ឱ្យអាមេរិក ដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍បារាំង កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Peskov បាននិយាយថា «ការដាក់ពង្រាយបែបនេះ ទំនងជានឹងបង្កឲ្យមានការឆ្លើយតបមួយ ដែលសមស្របទៅវិញពីសំណាក់រុស្ស៉ី» ខណៈវាគឺជាតំរុយបង្ហាញថា ទីក្រុងមូស្គូអាចនឹងផ្លាស់ប្តូរជំហរនុយក្លេអ៊ែររបស់ខ្លួន។

អ្នកនាំពាក្យរុស្ស៉ីរូបនេះ បានសង្កត់ធ្ងន់ថា «សម្រាប់យើង វានឹងជាការគំរាមកំហែងយ៉ាងធំសម្បើម។ ក្នុងករណីនេះ រុស្ស៉ីចៀសមិនផុតពីត្រូវដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន នៅតាមព្រំដែនភាគខាងលិចនោះទេ»។ ប៉ុន្តែលោកបានលើកឡើងថា រុស្ស៉ីគឺជាមហាអំណាចនុយក្លេអ៊ែរ ដែលមានការទទួលខុសត្រូវ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកអ្នកនាំពាក្យវិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក ចារ៉ូស្ល កាសិនស្គី (Jaroslaw Kaczynski) បានប្រាប់កាសែតអាល្លឺម៉ង់ កាលពីចុងសប្តាហ៍កន្លងទៅថា ប្រទេសប៉ូឡូញ នឹងបើកចំហ ក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដោយលើកហេតុផលថា ការដាក់ពង្រាយមីស៊ីល នៅផ្នែកខាងកើតណាតូ គឺសមហេតុផល ហើយនឹងពង្រឹងការរារាំងសកម្មភាពរបស់ទីក្រុងមូស្គូ៕