(វីយែន)៖ ប្រទេសអូទ្រីស បានសម្រេចបណ្តេញបុគ្គលិកចំនួន៣នាក់ នៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវីយែន (VIENNA) និងមន្រ្តីម្នាក់នៃអគ្គកុងស៊ុលប្រចាំទីក្រុងសាល់បឺគ (Salzburg) ដោយតម្រូវឲ្យអ្នកទាំងនោះចាកចេញពីទឹកដីអូទ្រីស ឲ្យបានមុនថ្ងៃទី១២ ខែមេសា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេក្តីថ្លែងការណ៍ រដ្ឋមន្រ្តីក្រសួងការបទេសអូទ្រីស លោក អាឡិសាន់ដឺ ស្កែលលេនបឺគ (Alexander Schallenberg) បានគូសបញ្ជាក់ថា «អ្នកទាំងនោះបានប្រព្រឹត្តិសកម្មភាពដែលមិនសមនឹងឋានៈកាទូតរបស់ខ្លួន និងខុសពីតួនាទីក្នុងនាមជាមន្រ្តីទូត ដែលផ្ទុយពីមាត្រាទី៩ នៃអនុញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការបរទេស»

ដោយឡែកក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ORF2 របស់អូទ្រីស លោករដ្ឋមន្រ្តី Schallenberg បានថ្លែងថា «ប្រទេសអូទ្រីស នឹងមិនបណ្តេញមន្រ្តីទូតរុស្ស៊ីណាមួយ ដោយគ្មានហេតុផលនោះទេ លុះត្រាតែមានភស្តុតាងគ្រប់គ្រាន់ថា ពួកគេបានរំលោលើអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងកាទូត»

ជុំវិញការបណ្តេញមន្រ្តីទូតរុស្ស៉ីនេះ លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បានប្រាប់សារព័ត៌មាន Tass ថា «រុស្ស៊ីនឹងឆ្លើយតបវិញឡើង យ៉ាងសមស្របចំពោះចំណាត់ការនេះ»។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ បណ្តាប្រទេសអឺរ៉ុប រួមមានបារាំង អាល្លឺម៉ង់ អេស្តូនី ស្លូវេនី ស៊ុយអែត ហ្វាំងឡង់ និងអ៉ីតាលី ជាដើម ក៏បានប្រកាសបណ្តេញមន្រ្តីទូតរុស្ស៉ី ចេញពីប្រទេសផងដែរ ក្រោមហេតុផលស្រដៀងគ្នា គឺដើម្បីការពារសន្តិសុខជាតិ៕