(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) កាលពីថ្ងៃពុធសប្តាហ៍នេះ បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងកើបយកផលចំណេញ ពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ខណៈបណ្តាសម្ព័ន្ធជិតស្និទ្ធរបស់ខ្លួន ត្រូវខាតបង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យចិនរូបនេះបានលើកឡើងថា ទីក្រុងវ៉ាស៉ីនតោនកំពុងបង្ខិតបង្ខំប្រទេសដទៃ ឱ្យចូលរួមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៉ី ប៉ុន្តែក្រុមអ្នកដែលផ្តួចផ្តើមចំណាត់ការទាំងនេះ គឺបានប្រយ័ត្នប្រយែងជាទីបំផុត ដើម្បីចៀសវាងមិនឱ្យមានប៉ះពាល់អាក្រក់ ឬការខាតបង់ណាមួយ ចំពោះសហរដ្ឋអាមេរិកវិញឡើយ។

លោក Zhao បានចង្អុលបង្ហាញថា តាមរយៈការដាក់ទណ្ឌកម្ម សម្រាប់អឺរ៉ុបគឺមានតែការរងគ្រោះប៉ុណ្ណោះ ដោយសង្រ្គាមនិងទណ្ឌកម្មផ្ទាល់ បាននាំឱ្យនូវជនភៀសខ្លួន ការខាតបង់សេដ្ឋកិច្ច និងការខ្វះខាតប្រភពថាមពល ជាដើម ខណៈសហរដ្ឋអាមេរិកដាក់ខ្លួនឯង ឱ្យនៅទីជំហរមួយ ដែលកំពុងទទួលបានផលចំណេញហូរហែពីភាពវឹកវរ។

លោក Zhao បានគូសបញ្ជាក់ពីជំហរចិនដដែល គឺប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី ដែលគ្រោះថ្នាក់ចំពោះសេដ្ឋកិច្ចពិភពលោក ហើយមិនអាចជួយបង្កើតសន្តិភាពនិងសន្តិសុខបានឡើយ។ ជាចុងក្រោយ លោក Zhao បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកពិតជា ចង់ជំរុញឱ្យស្ថានការណ៍អ៊ុយក្រែន មានភាពធូរស្រាលមែននោះ គឺទីក្រុងវ៉ាស៉ីនតោនគួរតែឈប់ចាក់សាំងបន្ថែមលើភ្លើង, បោះបង់ចោលផ្នត់គំនិតដាក់ទណ្ឌកម្ម, ឈប់ប្រើសម្តីនិងសកម្មភាពគំរាមកំហែង និងផ្តល់ការលើកទឹកចិត្តដោយពិតប្រាកដ ចំពោះកិច្ចចរចាដើម្បីស្វែងរកសន្តិភាព៕