(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ម៉ារីស ផេន (Marise Payne) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អូស្ត្រាលីនឹងដាក់ទណ្ឌកម្មលើជនជាតិរុស្សីចំនួន ៦៧នាក់ថែមទៀត ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

លោកស្រី Marise Payne បានប្រកាសពីដំណឹងខាងលើ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលលោកស្រីបានធ្វើដំណើរទៅដល់ ទីស្នាក់ការអង្គការណាតូ (NATO) ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្ស៉ិក។ លោកស្រី Payne បានថ្លែងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមប្រកាសពីការដាក់ទណ្ឌកម្មលើក្រុមឥស្សរជន និងមហាសេដ្ឋីរុស្ស៉ីចំនួន ៦៧នាក់បន្ថែមទៀត ដែលមានភាពជិតស្និទ្ធជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលបានជួយសម្របសម្រួល និងគាំទ្រសកម្មភាពយ៉ាងអាក្រក់របស់លោក ពូទីន»

គួរបញ្ជាក់ថា បើតាមលោកស្រីប្រមុខការទូតអូស្រ្តាលី ការដាក់ទណ្ឌកម្មបន្ថែមនេះ គឺជាការឆ្លើយតបចំពោះ អ្វីដែលត្រូវបានចាត់ទុកថាជា ការប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាមដោយរុស្ស៉ី នៅឯក្រុងប៊ូឆា និងតំបន់ផ្សេងទៀតជុំវិញរដ្ឋធានីកៀវរបស់អ៊ុយក្រែន។ គិតមកទល់ពេលនេះ មនុស្សសរុបច្រើនជាង៦០០នាក់ហើយ ដែលត្រូវបានអូស្រ្តាលីដាក់ទណ្ឌកម្ម គិតចាប់តាំងពីកើតមានសង្រ្គាមនៅអ៊ុយក្រែន៕