(វ៉ាស៉ីនតោន)៖ របាយការណ៍ពីសមាគមគ្រូពេទ្យ-មន្ទីរពេទ្យកុមារអាមេរិក បានឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ១៩ បានរាតត្បាតនៅទូទាំងសហរដ្ឋអាមេរិក រហូតមកទល់ឥឡូវ មានកុមារជាង១២.៨លាននាក់ហើយ បានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

របាយការណ៍ដដែលបានបន្ថែមថា តួលេខករណីឆ្លងខាងលើ គឺតំណាងឲ្យ១៩ភាគរយ នៃកុមារនៅទូទាំងសហរដ្ឋអាមេរិក ក្នុងនោះជាង១៣០,០០០ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ។ សមាគមគ្រូពេទ្យ-មន្ទីរពេទ្យកុមារអាមេរិក បានលើកឡើងថា វាមានភាពចាំបាច់ក្នុងការប្រមូលទិន្នន័យតាមក្រុមអាយុជាក់លាក់ ដើម្បីវាយតម្លៃពីភាពធ្ងន់ធ្ងរនៃជំងឺពាក់ព័ន្ធនឹងទម្រង់បំប្លែងថ្មីៗរបស់វា ក៏ដូចជាផលប៉ះពាល់រយៈពេលវែង។

សមាគមខាងលើបានសង្កត់ធ្ងន់ដូច្នេះថា «វាជារឿងសំខាន់ ក្នុងការទទួលស្គាល់ពីផលប៉ះពាល់ភ្លាមៗដោយផ្ទាល់ នៃជំងឺរាតត្បាតនេះ លើសុខភាពកុមារ ប៉ុន្តែអ្វីដែលចាំបាច់ជាងនេះទៅទៀតនោះ គឺយើងត្រូវកំណត់និងដោះស្រាយ ផលប៉ះពាល់រយៈពេលយូរ លើផ្លូវកាយ, ផ្លូវចិត្ត, និងសុខុមាលភាពសង្គមរបស់កុមារ និងយុវជនជំនាន់នេះ»

គួរបញ្ជាក់ថា សម្រាប់សប្តាហ៍នៅចុងខែមីនា កន្លងទៅ កុមារទទួលបន្ទុក១៦.៦ភាគរយ នៃតួលេខករណីឆ្លង COVID-19 ដែលត្រូវបាន រាយការណ៍ប្រចាំសប្តាហ៍ នៅសហរដ្ឋអាមេរិក៕