(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន ( Lloyd Austin) ក្នុងសប្តាហ៍នេះ បាននិយាយថា ការបន្តទិញប្រព័ន្ធសព្វាវុធពីប្រទេសរុស្ស៉ីដោយទីក្រុងញូដេលី គឺមិនមែនជារឿងល្អសម្រាប់ផលប្រយោជន៍ជាតិរបស់ឥណ្ឌានោះឡើយ ដូច្នេះទីក្រុងវ៉ាស៉ីនតោន នឹងមានការទាមទារឱ្យឥណ្ឌា កាត់បន្ថយការប្រើប្រាស់សព្វាវុធទាំងនេះ ហើយងាកមករកផលិតផលរបស់ខ្លួនវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខក្រុមសមាជិកសភាអាមេរិក លោក Austin បានលើកឡើងដូច្នេះថា «យើងនឹងបន្តធ្វើការជាមួយភាគីឥណ្ឌា ដើម្បីជួយឱ្យពួកគេយល់ច្បាស់ថា វាមិនមែនជារឿងល្អសម្រាប់ផលប្រយោជន៍ជាតិរបស់ពួកគេនោះទេ ក្នុងការបន្តវិនិយោគលើបរិក្ខាយោធា និងសព្វាវុធរបស់រុស្ស៉ី។ យើងនឹងទាមទារឱ្យពួកគេ កាត់បន្ថយការប្រើប្រាស់របស់ទាំងនោះ ហើយងាកមកវិនិយោគលើ ប្រភេទបរិក្ខាយោធានិងសព្វាវុធ ដែលត្រូវរ៉ូវគ្នាជាមួយយើងវិញ»

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសនាំចូលសព្វាវុធធំជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់អារ៉ាប៊ីសាអូឌីត។ សម្រាប់ចន្លោះឆ្នាំ ២០១៧-២០២១ សហរដ្ឋអាមេរិក ជាប់ជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេលំដាប់ទី៣ របស់ឥណ្ឌា ដែលទទួលបន្ទុក១២ភាគរយ ខណៈបារាំងឈរនៅលេខរៀងទី២ ដែលទទួលបន្ទុក២៦ភាគរយ។ ចំណែករុស្ស៉ីដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ឥណ្ឌាវិញនោះ ទទួលបន្ទុករហូតដល់ទៅ៤៦ភាគរយ៕