(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃព្រហស្បតិ៍នេះ នឹងធ្វើការបោះឆ្នោតលើការជំរុញរបស់សហរដ្ឋអាមេរិក ឱ្យផ្អាកសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជុំវិញរបាយការណ៍នៃ «ការរំលោភបំពានជាប្រព័ន្ធលើសិទ្ធិមនុស្ស» តាមរយៈសង្រ្គាមរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

សំឡេងបោះឆ្នោតពីរភាគបី នៃសមាជិកបោះឆ្នោត អាចផ្អាកសមាជិកភាពនៃប្រទេសមួយពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានសមាជិក ៤៧ប្រទេសបាន។ លីប៊ី ត្រូវបានផ្អាកសមាជិកភាពកាលពីឆ្នាំ២០១១ ពាក់ព័ន្ធនឹងការប្រើអំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ ដោយកងកម្លាំងដែលស្មោះស្ម័គ្រនឹងអតីតមេដឹកនាំលីប៊ី គឺលោក ហ្កាដាហ្វី (Muammar Gaddafi)។

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានប្រកាសថា ខ្លួននឹងស្វែងរកការផ្អាកសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៉ីថា បានសម្លាប់រង្គាលជនស៊ីវិលរាប់រយនាក់នៅក្នុងទីក្រុង Bucha នៃប្រទេសអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះថា «វាមានសារៈសំខាន់ណាស់ក្នុងការនិយាយ (ទៅកាន់ប្រទេសរុស្ស៉ី) ថាពួកយើងនឹងមិនអនុញ្ញាតឱ្យអ្នកបន្តធ្វើសកម្មភាពបែបនេះដោយមិនមានទោស ហើយធ្វើពុតថាជាអ្នកគោរពសិទ្ធិមនុស្សនោះទេ»

តែយ៉ាងណាក៏ដោយ រុស្ស៉ីបានព្រមានប្រទេសនានាថា ការបោះឆ្នោតយល់ព្រម ឬអនុបវាទ នឹងត្រូវបានចាត់ទុកថាជា «កាយវិការអមិត្ត» ដែលនាំ ឱ្យមានផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី។ រុស្ស៉ីស្ថិតនៅក្នុងឆ្នាំទី២ នៃអាណត្តិរយៈពេល ៣ឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស។

គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថាកងទ័ពរុស្ស៉ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងទីក្រុង Bucha បន្ទាប់ពីសាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេប្រទះឃើញនៅតាមទីក្រុងជាច្រើន ក្បែរទីក្រុង Kyiv។ ប៉ុន្តែរុស្ស៉ី បានច្រានចោលការចោទប្រកាន់នេះ ដោយហៅរូបភាពនៃសាកសពនៅក្នុងទីក្រុង Bucha ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនោះថាជា «រូបភាពក្លែងបន្លំ» ដែលរៀបចំឡើងដោយ បណ្ដាប្រទេសលោកខាងលិច និងអ៊ុយក្រែន ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន៕