(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បាន និងកំពុងបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេស ដែលនាំឱ្យមានទឹកជំនន់ជន់លិចផ្លូវក្នុងទីក្រុងស៉ីដនី ភ្លាមៗ ជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំប្រាប់ឱ្យប្រជាជនតាមទីតាំង ខ្លះ ជម្លៀសខ្លួន ដោយព្រមានថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនពេញមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ប្រជាជនដែលស្នាក់នៅមណ្ឌលថែទាំមួយ ត្រូវបានជម្លៀសចេញពេញមួយយប់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ បានជំរុញឱ្យប្រជាជនចំនួន ៥លាននាក់ក្នុងទីក្រុងស៊ីដនី ចៀសសវាងការធ្វើដំណើរដែលមិនចាំបាច់ និងប្រុងប្រៀបខ្លួនសម្រាប់ការជម្លៀសចេញ។ មកទល់ពេលនេះ កម្រិតទឹកភ្លៀងនៅទីក្រុងស៊ីដនី បានកើនឡើងរហូតដល់ ១,២២៦.៨មីលីម៉ែត្រហើយ ពោលគឺច្រើនជាងកម្រិតទឹកភ្លៀងប្រចាំឆ្នាំជាដែលជា មធ្យមមានចំនួន ១,២១៣មីលីម៉ែត្រ។

ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានបញ្ជាក់ថាតំបន់ឆ្នេរសមុទ្របុនឌី (Bondi) ដ៏ពេញនិយមបំផុតសម្រាប់ទេសចរណ៍នៅទីក្រុងស៉ីដនី បានកត់ត្រាកម្រិតទឹកភ្លៀងប្រហែល ១៧០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ កម្រិតទឹកភ្លៀងធ្លាក់នៅទីក្រុងស៊ីដនី អាចនឹងកើនឡើងរហូតដល់ ១៨០មីលីម៉ែត្រ។

រដូវក្តៅនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលី ត្រូវបានគ្របដណ្ដប់ដោយបាតុភូតអាកាសធាតុ ឡា នីណា (La Nina) ដែលជា ធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃកម្រិតទឹកភ្លៀងក្នុងរយៈពេល ២ឆ្នាំជាប់គ្នា។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦សប្ដាហ៍ចុងក្រោយនេះ ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងកើតនៃប្រទេសអូស្ត្រាលី ដោយផ្នែកជា ច្រើននៃតំបន់ភាគខាងជើងនៃរដ្ឋញូសោតវែល (New South Wales) និងតំបន់ភាគអាគ្នេយ៍នៃរដ្ឋឃ្វីនលែន (Queensland) បានកត់ត្រា កម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត។ ទីក្រុងស៊ីដនី ក៏បានកត់ត្រាក្នុងខែមីនានេះផងដែរ។ រីឯ ទីក្រុងជាច្រើននៅទូទាំងតំបន់ភាគខាងជើងនៃរដ្ឋ New South Wales នៅតែកំពុងព្យាយាមបន្តធ្វើការស្ដារឡើងវិញ ដូចជាការសម្អាតកម្ទេចកម្ទីរាប់តោន ក្រោយរងគ្រោះទឹកជំនន់ដ៏អាក្រក់ កាលពីពេលកន្លងទៅក្នុងខែមីនា ដែលបានផ្តាច់ជីវិតមនុស្ស២១នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅឋាន និងអគារជាច្រើនទៀត៕