(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី យ៉ានេត យ៉េលលេន (Janet Yellen) បាននិយាយនៅថ្ងៃពុធ សប្តាហ៍នេះថា រុស្ស៊ីគួរតែត្រូវបានបណ្តេញចេញពីក្រុមប្រទេស G20 ហើយសហរដ្ឋអាមេរិកនឹងធ្វើពហិការចូលរួមកិច្ចប្រជុំ G20 ប្រសិនបើ មានវត្តមានមន្រ្តីរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោកស្រី យ៉េលលេន ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាតំណាងរាស្រ្ត ឆ្លើយតបនឹងសំណួរពីតួនាទី របស់រុស្ស៊ី នៅឯ G20 ក្រោយប្រើកម្លាំងយោធាលើអ៊ុយក្រែន ដោយលោកស្រីបានប្រាប់សមាជិកសភាដូច្នេះថា «ការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន និងការសម្លាប់ជនស៊ីវិលនៅទីក្រុងប៊ូចាគឺជាការប្រមាថ និងតំណាងឲ្យការគំរាមកំហែង ដែលមិនអាចទទួលយកបាន ចំពោះមុខ សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើច្បាប់ ហើយបានបង្កផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ទំាងអ៊ុយក្រែន និងផ្នែកពាក់ព័ន្ធផ្សេងទៀត»

លោកស្រីបន្ថែមថា រដ្ឋបាលរបស់លោក បៃដិន ចង់បណ្ដេញរុស្ស៊ីចេញពីស្ថាប័នអន្តរជាតិសំខាន់ៗ ប៉ុន្តែលោកស្រីបានទទួលស្គាល់ថាវាទំនង ជាមិនអាចទៅរួចឡើយដែលចង់បណ្ដេញរុស្ស៊ីចេញពីស្ថាប័នហិរញ្ញវត្ថុធំមួយរបស់ពិភពលោក ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នោះឡើយ៕