(វ៉ាស៉ីនតោន)៖ មន្រ្តីយោធាកំពូលរបស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះបាននិយាយថា អាមេរិកគួរតែពិចារណាបង្កើតមូលដ្ឋានទ័ពបន្ថែមទៀត នៅតំបន់អឺរ៉ុបខាងកើត ដើម្បីត្រៀមការពារប្រឆាំងនឹងលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

លោក ម៉ាក មៀលី (Mark Milley) ប្រធានសេនាធិការយោធាចម្រុះអាមេរិក បានលើកឡើងថា ការបង្កើតមូលដ្ឋានទាំងនោះ អាចត្រូវចេញថ្លៃចំណាយដោយ ប្រទេសដទៃនៅអឺរ៉ុបផ្ទាល់ ដូចជាប៉ូឡូញ និងក្រុមប្រទេសបាល់ទិច ដែលចង់បានវត្តមានកងទ័ពអាមេរិកបន្ថែម។

លោក Milley បានធ្វើការអត្ថាធិប្បាយដូចខាងលើ កំលុងការផ្តល់សក្ខីកម្មជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅឯសភាអាមេរិក ស្តីពីសំណើកញ្ចប់ថវិកាជាតិឆ្នាំ២០២៣ ប៉ុន្តែការផ្តល់សក្ខីកម្មនោះ ភាគច្រើនបានផ្តោតទៅលើសង្រ្គាមនៅអ៊ុយក្រែន ហើយនិងមធ្យោបាយដែលអាមេរិកអាចជួយដល់អ៊ុយក្រែន និងពង្រឹងសន្តិសុខនៅទូទាំងតំបនអឺរ៉ុបទាំងមូល។

មេទ័ពកំពូលអាមេរិករូបនេះ ត្រូវបានចោទសួរអំពីតម្រូវការ ក្នុងការដាក់ពង្រាយទ័ពបន្ថែម ទៅកាន់តំបន់ភាគខាងកើតរបស់អឺរ៉ុប ជាទីដែលសម្ព័ន្ធមិត្ត NATO កំពុងព្រួយបារម្ភថា ពួកគេប្រហែលអាចក្លាយជាគោលដៅបន្ទាប់ នៃការវាយប្រហាររបស់រុស្ស៉ី។ លោក Milley បាននិយាយដូច្នេះថា «យោបល់របស់ខ្ញុំ គឺបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ ប៉ុន្តែដាក់ទ័ពក្នុងលក្ខណៈផ្លាស់វេន ទៅកាន់មូលដ្ឋានទាំងនោះ។ ខ្ញុំជឿថាសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងជាច្រើន ជាពិសេសនៅបាល់ទិច ឬប៉ូឡូញ រ៉ូម៉ានី និងកន្លែងផ្សេងទៀត គឺពួកគេពិតជាស្ម័គ្រចិត្ត ក្នុងការបង្កើតមូលដ្ឋានទ័ពអចិន្ត្រៃយ៍ ដើម្បីទទួលកងទ័ពយើង។ ពួកគេនឹងជាអ្នកសាងសង់ ហើយចេញថ្លៃចំណាយសម្រាប់ពួកវា»។

គួរបញ្ជាក់ថា បើតាមលោក Austin វិញ ប្រធានបទពាក់ព័ន្ធការពង្រីកសន្តិសុខនៅតំបន់អឺរ៉ុបខាងកើត ប្រហែលនឹងត្រូវលើកយកមកពិភាក្សា កំលុងកិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងរៀបចំឡើងនៅខែមិថុនា៕