(តូក្យូ)៖ រដា្ឋភិបាលជប៉ុន គ្រោងនឹងបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ដោយនឹងលុបចោលនូវបម្រាមសម្រាប់ ជនបរទេសមកពីប្រទេសចំនួន១០៦ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារំាង ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ។ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

បើតាមការប្រកាសពីបច្ចុប្បន្នភាពថ្មីនៃស្ថានភាពជំងឺកូវីដ ១៩ របស់ក្រសួងការបទេសជប៉ុន នៅថ្ងៃពុធសប្តាហ៍នេះ, ជនបរទេសមកពីប្រទេស ចំនួន ១០៦ នឹងមិនស្ថិតនៅក្រោមបម្រាមមិនឲ្យចូលក្នុងប្រទេសជប៉ុនទៀតនោះទេ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែចំពោះជនបរទេសដែល មានគោលដៅទេសចរណ៍ នៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសឡើយ ខណៈប្រទេសចំនួន ៥៦ផ្សេងទៀតក៏បន្តស្ថិតនៅក្រោម បម្រាមនេះដែរ។

គួរបញ្ជាក់ថា ទីក្រុងតូក្យូបាន និងកំពុងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺរាតត្បាតជាបណ្តើរៗ នៅតាមព្រំដែនជាមួយប្រទេសមួយចំនួន ប៉ុន្តែ មិនមែនជាការបើកឡើងវិញពេញលេញសម្រាប់ភ្ញៀវទេសចរណ៍នោះទេ ដោយរដ្ឋាភិបាលនិយាយថា នឹងដំឡើងកូតាអ្នកទេសចរណ៍ចូល មកក្នុងប្រទេសដល់ចំនួន ១០,០០០នាក់ ក្នុងខែមេសានេះ ដែលកាលពីមុន អនុញ្ញាតបានត្រឹមតែ ៧,០០០នាក់ប៉ុណ្ណោះ៕