(ប៉េកាំង)៖ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដចិន ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងខេត្តជីលីន (Jilin) ភាគឦសានប្រទេសចិន បានឱ្យដឹងថា មេរោគបំប្លែងថ្មីអូមីក្រុង (Omicron) អាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលរលកចុងក្រោយនៃជំងឺ COVID-19 បានចាប់ផ្តើមផ្ទុះឡើងនៅក្នុងទីក្រុង Jilin នៃខេត្ត Jilin ទីក្រុងនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជិត ២៥,០០០ករណី ដោយ៩៧.៥ភាគរយនៃអ្នកជំងឺមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា។ ចំណែកឯ ករណីមានរោគសញ្ញាស្រាល និងគ្មានរោគសញ្ញា ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័ក ខណៈករណីមាន រោគសញ្ញាមធ្យម ធ្ងន់ធ្ងរ និងករណីមានជំងឺប្រចាំកាយធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលបានកំណត់ ដើម្បីសម្រាកព្យាបាល។

លោក កាង យ៉ាន់ (Kang Yan) អ្នកជំនាញមកពីក្រុមព្យាបាលជំងឺជាតិប្រចាំខេត្ត Jilin បានបញ្ជាក់ប្រាប់ទីភា្នក់សារព័ត៌មានចិនស៊ីនហួថា គិតត្រឹមថ្ងៃទី៣ ខែមេសា ករណីមានរោគសញ្ញាធ្ងន់ធ្ងរមានចំនួន ៥០ករណី និងធ្ងន់ធ្ងរខ្លាំងមានចំនួន ៣៥ករណីដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ Jilin Central ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលបានកំណត់ក្នុងទីក្រុង ដើម្បីទទួលអ្នកជំងឺ COVID-19 ហើយ ១០នាក់ ក្នុងចំណោមពួកគេនៅតែប្រើម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយពួកគេដកដង្ហើម។

អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំងទាំងអស់ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ហើយពួកគេម្នាក់ៗត្រូវបានព្យាបាល ដោយផ្អែកលើស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបង្កើនអត្រាព្យាបាល និងកាត់បន្ថយអត្រាមរណភាព។ លោក Kang Yan បានបន្ថែមថា «កត្តាគួបផ្សំដែលបណ្តាលមកពីជំងឺ COVID-19 និងជំងឺប្រចាំកាយរបស់អ្នកជំងឺ គឺជាហេតុផលសំខាន់សម្រាប់ការធ្វើឱ្យស្ថានភាពអ្នកជំងឺ កាន់តែយ៉ាប់យ៉ឺន»។ បានន័យថា មេរោគបំប្លែងថ្មី Omicron នៅតែអាចបង្កហានិភ័យកាន់តែខ្លាំងដល់អ្នកជំងឺដែលមានសុខភាពខ្សោយ និងប្រព័ន្ធការពារខ្សោយ ដូចជាអ្នកជំងឺដេកលើគ្រែរយៈពេលវែង និងអ្នកជំងឺដែលត្រូវការលាងឈាមជាដើម។

គួរបញ្ជាក់ថា អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងចំណោមអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំងមានកម្រិតទាប ណាស់ ដោយគ្រាន់តែប្រហែល ១៥ភាគរយ នៃពួកគេប៉ុណ្ណោះ ដែលបានទទួលការចាក់គ្រប់ដូស (ចំនួន ២ដូស)។ គិតត្រឹមថ្ងៃទី៣ ខែមេសា ទីក្រុង ចាងជុន (Changchun) នៃខេត្ត Jilin បានរាយការណ៍ពីការរកឃើញករណីឆ្លងចំនួន ១៦,៣១២ករណី ក្នុងនោះមាន ៤១១ករណី ជាករណីមានរោគសញ្ញាមធ្យម, ៤២ករណី ជាករណីធ្ងន់ធ្ងរ និង ០២ករណីជាករណីធ្ងន់ធ្ងរខ្លាំង៕