(សេអ៊ូល)៖ ក្រុមទីប្រឹក្សានៃប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បាននិងកំពុងព្យាយាមឱ្យមានការដាក់ពង្រាយសព្វាវុធយុទ្ធសាស្រ្ត របស់សហរដ្ឋអាមេរិក ដូចជាយន្តហោះទម្លាក់បែកនុយក្លេអ៊ែរ និងនាវាមុជទឹកនុយក្លេអ៊ែរជាដើម សាជាថ្មីឡើងវិញនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។

មុនពេលត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅខែក្រោយនេះ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) បានចាត់ក្រុមទីប្រឹក្សាផ្នែកនយោបាយការបរទេស និងសន្តិសុខរបស់លោក ឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។

កំលុងទស្សនកិច្ចនោះ ពួកគេបានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) ខណៈលោក Yoon កំពុងព្យាយាមស្វែងរកវត្តមានសន្តិសុខឋិតថេរជាងមុនពីសំណាក់ទីក្រុងវ៉ាស៉ីនតោន ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្កើនការធ្វើតេស្តសព្វាវុធរបស់ខ្លួន។

លោក ផាក ជីន (Park Jin) ដែលជាទីប្រឹក្សាម្នាក់របស់គណៈប្រតិភូកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការដាក់ពង្រាយសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិក គឺជាធាតុដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពបង្ការការវាយប្រហារ ហើយប្រធានបទនេះ ត្រូវបានលើកឡើង កំលុងកិច្ចពិភាក្សារវាងភាគីទាំងពីរ»

ដោយឡែក នៅពេលចោទសួរអំពីប្រធានបទខាងលើ មន្រ្តីសេតវិមានម្នាក់ បានត្រឹមឆ្លើយតបថា ក្រុមមន្រ្តីអាមេរិកនិងប្រតិភូកូរ៉េខាងត្បូង បានធ្វើការជជែកគ្នាជាទូទៅ អំពីការប្តេជ្ញាផ្នែកការពារជាតិរបស់អាមេរិក ចំពោះទីក្រុងសេអ៊ូល ប៉ុន្តែមិនបានរៀបរាប់លម្អិតអ្វីទៀតឡើយ។

គួរបញ្ជាក់ថា លោក Yoon ដែលត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ខាងមុខ កំពុងរៀបចំរបៀបវារៈនៃ គោលនយោបាយការបរទេសរបស់លោក ក្រោយទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅ ចំពេលដែលភាពតានតឹងបានកើនកម្តៅ ដោយសារតែកូរ៉េខាងជើង បានសម្រេចធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ICBM ដោយពេញលេញឡើងវិញ កាលពីខែមុន៕