(វ៉ាស៊ីនតោន)៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទណ្ឌកម្មដែលបានដាក់លើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន គួរតែផ្តល់នូវមេរៀនមួយដល់ចិន អំពីផលវិបាកដែលខ្លួនអាចប្រឈមមុខ ប្រសិនបើចូលរួមផ្តល់ជំនួយសម្ភារៈដល់ទីក្រុងមូស្គូ។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ថ្លែងទៅកាន់គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាមេរិក លោកស្រី Sherman បានលើកឡើងដូច្នេះថា «ខ្ញុំគិតថាទំហំនៃ ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន, សេដ្ឋកិច្ចរុស្ស៊ី និងមហាសេដ្ឋីជនជាតិរុស្ស៊ី នឹងផ្តល់ឲ្យលោក ស៊ី ជិនពីង បានយល់ដឹងអំពីអ្វីដែលអាចនឹងកើតឡើង ប្រសិនបើលោកសម្រេចចិត្តផ្តល់ការគាំទ្រដល់លោក ពូទីន តាមវិធីណាមួយ»

លោកស្រីបន្ថែមថា ទីក្រុងប៉េកាំងគួរតែដកស្រង់មេរៀនពីការឆ្លើយតបរបស់បណ្ដាប្រទេសលោកខាងលិច ដើម្បីគាំទ្រអ៊ុយក្រែន មកពិចារណា ខណៈរាល់សកម្មភាពរបស់ចិនដើម្បីគ្រប់គ្រងកោះតៃវ៉ាន់គឺមិនអាចទទួលយកបានទេ។ «យើងសង្ឃឹមថាសាធារណរដ្ឋ ប្រជាមានិតចិន នឹងចៀសវាងសកម្មភាពណា ដែលអាចនឹងមានការឆ្លើយតបពីសហគមន៍អន្តរជាតិ មិនត្រឹមតែមកពីសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ»

គួរបញ្ជាក់ថា ចិនបានបដិសេធថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬហៅថាជាការឈ្លានពាននោះទេ ហើយបានរិះគន់ទណ្ឌកម្ម របស់លោកខាងលិចលើទីក្រុងមូស្គូ ទោះបីជាមន្រ្តីការទូតជាន់ខ្ពស់ចិនបាននិយាយកាលពីសប្តាហ៍មុនថាទីក្រុងប៉េកាំងមិនមានចេតនា គេចវេសពីការចូលរួមដាក់ទណ្ឌកម្មទាំងនោះក៏ដោយ។

កន្លងមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ធ្លាប់បានព្រមានលោក ស៊ី ជិនពីង អំពី «ផលវិបាក» សម្រាប់ការគាំទ្រណាមួយដើម្បី ជួយរុស្ស៊ីប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ឬផ្តល់ជំនួយផ្នែកយោធាជាដើម៕