(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថារុស្ស៊ីទំនងជានឹងបើក ការវាយប្រហារសាជាថ្មីលើតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ស្ដូលធិនបឺគ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពោលមួយថ្ងៃមុន នឹងកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រីការបរទេស NATO ចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោក ស្ដូលធិនបឺគ បានបញ្ជាក់ ដូច្នេះថា «បច្ចុប្បន្ន យើងបានឃើញហើយថាកងទ័ពរុស្ស៊ីបានដកថយចេញពីរដ្ឋធានីកៀវ ដើម្បីប្រមូលកម្លាំងឡើងវិញ ហើយប្ដូរយុទ្ធសាស្ត្រទៅផ្តោតលើតំបន់ភាគខាងកើត (នៃប្រទេសអ៊ុយក្រែន)»

លោកបន្ថែមថា នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ កងទ័ពរុស្ស៊ីអាចនឹងវាយលុកចូលតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន ដើម្បីកាន់កាប់តំបន់ដុនបាស់ទាំងស្រុង ហើយសាងសង់ផ្លូវតភ្ជាប់មួយឆ្ពោះទៅកាន់តំបន់គ្រីមៀ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ស្ដូលធិនបឺគ ហាក់ដូចជាការទទួលស្គាល់ពីការប្រកាសរបស់រុស្ស៊ី កាលពីចុងខែមីនាកន្លងទៅនេះ ដែលថាខ្លួននឹងងាកទៅផ្ដោតលើការរំដោះតំបន់ដុនបាស់ទាំងស្រុង ជាទីដែលក្រុមឧទ្ទាមផ្ដាច់ខ្លួនពីរគាំទ្ររុស្ស៊ី ត្រូវបានលោក ពូទីនទទួលស្គាល់ជារដ្ឋឯករាជ្យ៕