(ប៉ារីស)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថាប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង អាចនឹងយកជ័យជម្នះសាជាថ្មីលើលោកស្រី ម៉ារីន ឡឺ ពែន (Marine Le Pen) នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមេសានេះ បើទោះជាលោកស្រីកំពុងមានសន្ទុះគាំទ្រខ្លាំងក្នុង រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

បើតាមការស្ទង់មតិថ្មីខាងលើដែលធ្វើឡើងដោយស្ថាប័ន អ៉ីបសុស សូប្រា ស្ទេរៀ សេវីប៉ូហ្វ (Ipsos Sopra Steria Cevipof) ចុះផ្សាយលើ កាសែតបារាំង ឡឺ ម៉ុង (Le Monde), លោក ម៉ាក្រុងនឹងទទួលបានសំឡេងគំាទ្រ ២៦.៥ភាគរយ ខណៈលោកស្រី ឡឺ ពែន នឹងទទួលបាន សំឡេងគាំទ្រ ២១.៥ភាគរយ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសានេះ។

ការស្ទង់មតិដដែលក៏បានឱ្យដឹងដែរថាលោក ម៉ាក្រុង នៅតែអាចផ្ដួលលោកស្រី ឡឺពែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសានេះ ដោយនឹងទទួលបានសំឡេងគាំទ្រ ៥៤ភាគរយ ទលនឹង ៤៦ភាគរយ៕