(ហ្សាការតា)៖ តុលាការឥណ្ឌូណេស៉ីនៅថ្ងៃចន្ទនេះ បានប្រកាសផ្តន្ទាទោសប្រហារជីវិតលើគ្រូបង្រៀនម្នាក់ សម្រាប់ការរំលោភសិស្សស្រីៗចំនួន១៣នាក់ នៅឯសាលារៀនឥស្លាមមួយកន្លែង បន្ទាប់ពីក្រុមរដ្ឋអាជ្ញាបានប្តឹងឧទ្ធរណ៍ ខណៈពីដំបូងឡើយលោក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២។

លោក ហឺរី វីរ៉ាវ៉ាន (Herry Wirawan) ដែលជាគ្រូបង្រៀនខាងលើ ត្រូវបានតុលាការនៅទីក្រុងបានឌុង (Bandung) ផ្តន្ទាទោសឱ្យជាប់ ពន្ធនាគារមួយជីវិត កាលពីខែកុម្ភៈ ឆ្នាំនេះ ប៉ុន្តែក្រោយមកក្រុមរដ្ឋអាជ្ញា ដែលបានស្នើឱ្យកាត់ទោសប្រហារជីវិត បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចនាពេលនោះ។

យោងតាមការបញ្ជាក់របស់ចៅក្រមកាលពីខែកុម្ភៈ គឺកាលពីចន្លោះឆ្នាំ២០១៦-២០២១ លោក Herry បានរំលោភសេពសន្ថវៈក្មេងស្រី សរុប១៣នាក់ ដែលមានអាយុចន្លោះ១២-១៦ឆ្នាំ បានធ្វើជនរងគ្រោះ៨នាក់មានផ្ទៃពោះ។

ក្រុមមន្រ្តីឥណ្ឌូណេស៉ី ក្នុងនោះរួមមានទាំងរដ្ឋមន្រ្តីគាំពារកុមារផងដែរ បានបង្ហាញការគាំទ្រចំពោះការស្នើ ឱ្យដាក់ទោសប្រហារជីវិត ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សឥណ្ឌូណេស៉ី ដែលប្រឆាំងទោសប្រហារជីវិត បាននិយាយថា វាហាក់មិនសមស្របនោះទេ៕