(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីត ខាទីបហ្សាដែស (Saeed Khatibzadeh) បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះ ការផ្អាកកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងក្រុមមហាអំណាចពិភពលោក នៅទីក្រុងវីយែន (Vienna) នៃប្រទេសអូទ្រីស ដែលមានគោលបំណងស្រោចស្រង់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២១។

លោក Saeed Khatibzadeh បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ហើយបានបន្ថែមថា «ទីក្រុងវ៉ាស៊ីនតោនគួរតែធ្វើការសម្រេចចិត្តឱ្យច្បាស់លាស់ សម្រាប់ការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនេះ ហើយទីក្រុងតេហេរ៉ង់ នឹងមិនរង់ចាំជារៀងរហូតនោះទេ»

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រសួងការបរទេសអាមេរិក បានលើកឡើងថា នៅមានបញ្ហាលេចធ្លោមួយចំនួនតូច ក្នុងកិច្ចចរចាកិច្ចនុយក្លេអ៊ែរ ហើយវាអាស្រ័យតែលើទីក្រុងតេហេរ៉ង់ឯណោះទេ ដើម្បីធ្វើការសម្រេចចិត្តទាំងនោះ។

គួរបញ្ជាក់ថា ការទាមទារមួយរបស់រុស្ស៉ី បានបង្ខំឱ្យក្រុមមហាអំណាច ផ្អាកកិច្ចចរចានុយក្លេអ៊ែរ កាលពីដើមខែមីនាកន្លងទៅ ប៉ុន្តែក្រោយមកទីក្រុងមូស្គូបានបង្ហើបវិញថា ខ្លួនទទួលបានការធានាថា ការធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ នឹងមិនរងការប៉ះពាល់ ដោយសារទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ុយក្រែនឡើយ ដែលជាតំរុយបង្ហាញថា រុស្ស៉ីអាចនឹងបើកផ្លូវឱ្យកិច្ចចរចាបន្តឡើងវិញ៕