(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរនៅប្រទេសប្រេស៉ីល នាថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា ការធ្លាក់ភ្លៀងខ្លាំងបានបង្កឱ្យមានគ្រោះបំណាក់ដី ដែលផ្តាច់ជីវិតមនុស្សយ៉ាងហោច១៤នាក់ នៅតាមទីក្រុងនិងតំបន់ក្នុងរដ្ឋរីយ៉ូដេចាណេរ៉ូ (Rio de Janeiro)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។

យោងតាមអាជ្ញាធរប្រេស៉ីល មនុស្ស១៤៤នាក់ ត្រូវបានជួយសង្រ្គោះចេញពីតំបន់រងការប៉ះពាល់ ទៅកាន់ទីសុវត្ថិភាព ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈប្រជាជនសរុប៧០គ្រួសារ ពុំមានកន្លែងជ្រកកោន ដែលជាហេតុនាំវឱ្យអាជ្ញាធរ ជួយផ្តល់ទីកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពួកគេ។

គួរបញ្ជាក់ថា រដ្ឋ Rio de Janeiro បានទទួលរងស្ថានភាពអាកាសធាតុដូចខាងលើ អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ខណៈកាលពីខែកុម្ភៈ ឆ្នាំនេះ បំណាក់ដីនិងទឹកជំនន់ បានសម្លាប់ជីវិតមនុស្សរាប់រយនាក់៕