(សេអ៊ូល)៖ អ្នកនាង គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ បានចេញមុខថ្កោលទោស ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ស្តីពីសមត្ថភាពរបស់ទីក្រុងសេអ៊ូល ក្នុងការវាយប្រហារប្រឆាំងលើទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។

យោងតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង គីម បានលើកឡើងដូច្នេះថា «ការអត្ថាធិប្បាយនោះ បានជំរុញឱ្យទំនាក់ទំនងអន្តរកូរ៉េ និងភាពតានតឹងផ្នែកយោធានៅក្នុងឧបទ្វីបកូរ៉េ កាន់តែដុនដាបអាក្រក់ថែមទៀត»។ អ្នកនាង គីម ដែលជាមន្រ្តីជាន់ខ្ពស់មួយរូប ក្នុងគណបក្សកាន់អំណាចកូរ៉េខាងជើង ថែមទាំងបានព្រមានថា ប្រទេសអ្នកនាងនឹងពិចារណាលើរឿងជាច្រើន ហើយកូរ៉េខាងត្បូងអាចនឹងត្រូវប្រឈមការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារតែសម្តីបែបនេះ។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ វុក (Suh Wook) បាននិយាយថា យោធារបស់ប្រទេសលោក មានមីស៉ីលជាច្រើនប្រភេទ ដែលត្រូវបានធ្វើឱ្យប្រសើរឡើងនូវ រយៈចម្ងាយហោះហើរ កម្លាំង និងភាពច្បាស់លាស់ ជាមួយសមត្ថភាពវាយប្រហារលើ គ្រប់ទីតាំងនៅក្នុងទឹកដីកូរ៉េខាងជើង។ លោក ស៊ូ ក៏បានហៅកូរ៉េខាងជើងថាជា «សត្រូវ» របស់កូរ៉េខាងត្បូងថែមទៀតផង។

គួរបញ្ជាក់ថា ភាពតាននៅឧបទ្វីបកូរ៉េបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីតែពីកូរ៉េខាងជើង កាលពីសប្តាហ៍មុន បានបាញ់សាកល្បងមីស៉ីលផ្លោង ICBM ដោយពេញលេញឡើងវិញជាលើកដំបូង គិតចាប់តាំងតាំងតែពីឆ្នាំ២០១៧មក៕