(កូឡុំបូ)៖ ប៉ូលិស និងយោធាបានចាប់ផ្ដើមរឹតបន្តឹងសន្តិសុខ ដោយដើរល្បាតក្នុងរដ្ឋធានីកូឡុំបូ (Colombo) របស់ប្រទេសស្រីលង្កា ខណៈហាងនានា បានបើកទ្វារឡើងវិញបន្តិចម្តងៗ នៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃទីមួយនៃការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីដោះស្រាយភាពចលាចល នៃបាតុកម្មតវ៉ា បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ខែមេសា ឆ្នាំ២០២២។

កាលពីយប់ថ្ងៃសុក្រ, ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa) បានដាក់បទបញ្ជាដោយអំពាវនាវឱ្យ មានការអនុវត្តច្បាប់តឹងរ៉ឹង ដែលអនុញ្ញាតឱ្យយោធា ចាប់ និងឃុំខ្លួនជនសង្ស័យ ដោយមិនចាំបាច់មានដីការបង្គាប់ឲ្យចាប់ខ្លួន។

លោកបានបញ្ជាក់ដូច្នេះថា «ការដាក់ទីក្រុងក្នុងភាពអាសន្ន គឺរឿងចាំបាច់ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងការពារលើការផ្គត់ផ្គង់ និងការផ្តល់ សេវាកម្មសំខាន់ៗសម្រាប់ប្រជាជន»។ ប្រតិកម្មទៅនឹងស្ថានភាពអាសន្ននេះ, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសស្រីលង្កា លោកស្រី ជូលី ជួង (Julie Chung) បាននិយាយថា «ប្រជាជនស្រីលង្កាមានសិទ្ធិតវ៉ាដោយសន្តិវិធី សម្រាប់ការបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ»។ តាមរយៈសារនៅលើ Twitter លោកស្រីបានបន្តទៀតថា «ខ្ញុំកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធនឹងមានការអត់ធ្មត់»

គួរបញ្ជាក់ថា ព្រោះតែខឹងសម្បារនឹងការខ្វះខាតប្រេងឥន្ធនៈ អគ្គិសនី រួមទាំងរបស់របរសំខាន់ៗផ្សេងទៀត ក្រុមអ្នកតវ៉ារាប់រយនាក់ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានប៉ះទង្គិចជាមួយប៉ូលិស និងយោធា នៅខាងក្រៅគេហដ្ឋានរបស់ Rajapaksa ដោយពួកគេបានអំពាវនាវឱ្យលោកចុះចេញពីតំណែង
ហើយបានដុតរថយន្តប៉ូលីស និងយោធាជាច្រើនផងដែរ។

ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៥៣នាក់ បន្ទាប់មកបានដាក់បម្រាមគោចរនៅក្នុង និងជុំវិញទីក្រុងកូឡុំបូកាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់ការតវ៉ា ជាបន្តបន្ទាប់ផ្សេងទៀត៕